អបអរសាទរពិធីផ្សព្វផ្សាយខ្លឹមសារលទ្ធផលមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី៤ សហភាពសហព័ន្ធយុវជនកម្ពុជា
« អបអរសាទរពិធីផ្សព្វផ្សាយខ្លឹមសារលទ្ធផលមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី៤ សហភាពសហព័ន្ធយុវជនកម្ពុជា »
ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធាន ស.ស.យ.ក. ខេត្តតាកែវ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារលទ្ធផលមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី៤ សហភាពសហព័ន្ធយុវជនកម្ពុជា ដល់សមាជិក សមាជិកា ស.ស.យ.ក-តាកែវ មកពីក្រុង ស្រុកទាំង១០ ទូទាំងខេត្តតាកែវ។
ឯកឧត្តមប្រធាន ស.ស.យ.ក-តាកែវ បានថ្លែងអំណរគុណដល់គណៈកម្មាធិការ ស.ស.យ.ក. ខេត្តតាកែវ ស.ស.យ.ក. ក្រុង-ស្រុកទាំង១០ និងសមាជិក សមាជិកាទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ចូលរួមនៅគ្រប់សកម្មភាពសង្គម សប្បុរសធម៌ មនុស្សធម៌ នារយៈពេលកន្លងមក និងជំរុញលើកទឹកចិត្តឱ្យបន្តការចូលរួម ព្រមទាំងស្វាមគន៍ និងបើកទូលាយដល់យុវជនគ្រប់រូបក្នុងដំណើរចូលរួមថែរក្សាសុខសន្តិភាព បង្កបរិយាកាសល្អសម្រាប់យុវជន និងសង្គម។ ជាមួយគ្នានេះដែរ ឯកឧត្តមប្រធាន ស.ស.យ.ក-តាកែវ ក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងអាណាព្យាបាលរបស់យុវជនគ្រប់រូប ដែលបានផ្ដល់កិច្ចសហការល្អប្រសើរ និងផ្ដល់ឱកាសដល់យុវជនបានចូលរួមគ្រប់សកម្មភាពជាមួយ ស.ស.យ.ក.។
ជាមួយគ្នានេះដែរ ឯកឧត្តមប្រធាន ស.ស.យ.ក-តាកែវ ក៏បានលើកឡើងផងដែរថាក្នុងប្រវត្តិសាស្រ្ត ៥០០ឆ្នាំ កម្ពុជាពុំធ្លាប់មានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនោះទេ ហើយក្នុងនាមជាយុវជនគួរសួរខ្លួនឯងជាប្រចាំ និងចងចាំថាអតីតយុវជនរបស់យើងបានស្វែងរកសុខសន្តិភាពសម្រាប់យើងរួចហើយ ដូចនេះយុវជនបច្ចុប្បន្នត្រូវបន្តថែរក្សាសុខសន្តិភាពនេះ និងបង្កើតនូវគំនិត សមិទ្ធផលថ្មីៗបន្តសម្រាប់យុវជនជំនាន់ក្រោយ។ ឯកឧត្តមប្រធាន ស.ស.យ.ក-តាកែវ មានប្រសាសន៍ជំរុញ និងលើកទឹកចិត្តដល់យុវជនឱ្យបន្តពង្រឹង និងពន្លឿនការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនដើម្បីត្រៀមខ្លួនឱ្យបានកាន់តែរឹងមាំឈានចូលក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤ និងការប្រកួតប្រជែងជាមួយយុវជននៃបណ្ដាប្រទេសក្នុងតំបន់ និងសកលលោក។
ឯកឧត្តម សុខ ពុទ្ធិវុធ ក៏បានផ្ដាំផ្ញើដល់សមាជិក សមាជិកា នៃអង្គពិធីទាំងមូលឱ្យយកចិត្តទុកដាក់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវប្រសាសន៍ផ្ដាំផ្ញើរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រឹទ្ធសភា និង ឯកឧត្តមប្រធាន ស.ស.យ.ក. ដែលបានថ្លែងក្នុងពិធីបើក និងពិធីបិទមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី៤ សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីជាចក្ខុវិស័យក្នុងការអភិវឌ្ឍខ្លួន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលប្រែក្លាយកម្ពុជាទៅជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០។