យុវជន ស.ស.យ.ក. ស្រុកព្រៃកប្បាស ខេត្តតាកែវ បានចុះជួយសម្រសម្រួលក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ១១៧គ្រួសារ
យុវជន ស.ស.យ.ក. ស្រុកព្រៃកប្បាស ខេត្តតាកែវ ចំនួន ១៤នាក់ បានចុះជួយសម្រសម្រួលក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ១១៧គ្រួសារ
សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ដឹកនាំដោយ ឯកឧត្តម អ៊ូច ភា ប្រធានកិត្តិយសសាខា រួមដំណើរដោយលោកជំទាវ នូ សុវណ្ណនី ប្រធានគណៈកម្មាធិការសាខា លោក ញ៉ែម ស្រស់ ប្រធានកិត្តិយសអនុសាខាស្រុកព្រៃកប្បាស លោកស្រី បាន ឌី ប្រធានអនុសាខាស្រុកព្រៃកប្បាស ឯកឧត្តម លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា លោកប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ការិយាល័យ និងអង្គភាពជំនាញជុំវិញស្រុក ដោយមានការជួយសម្របសម្រួលពីយុវជនកាកបាទក្រហម យុវជន ស.ស.យ.ក. ស្រុកព្រៃកប្បាស បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ១១៧ គ្រួសារ មានចំនួន ៧ភូមិ ស្ថិតក្នុងឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលពិធីនេះរៀបចំឡើងនៅបរិវេណវត្តពាមមង្គលបូរី ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយអំណោយផ្តល់ជូនរួមមាន អង្ករ ២៥គីឡូក្រាម តង់១ មី ១កេស ត្រីខកំប៉ុង ១ឡូ និងថវិកាមួយចំនួនផងដែរ។
នាឱកាសនោះ ឯកឧត្តម អ៊ូច ភា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ទីទ័លក្រ មានជំងឺ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រកាន់យកនូវអនាម័យល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។
ថ្ងៃសុក្រ ៦កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨