សមាជិក សមាជិកា ស.ស.យ.ក-តាកែវ ដែលជាសមាជិកថ្មីក្នុងការសង្កេតការណ៍ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទី ភារកិច្ចអ្នកសង្កេតការណ៍ស្ម័គ្រចិត្តអង្គភាពប្រឆាំងអំពើពុករលួយ
សមាជិក សមាជិកា ស.ស.យ.ក-តាកែវ ចំនួន២២រូប ដែលជាសមាជិកថ្មីក្នុងការសង្កេតការណ៍ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទី ភារកិច្ចអ្នកសង្កេតការណ៍ស្ម័គ្រចិត្តអង្គភាពប្រឆាំងអំពើពុករលួយ ត្រៀមចូលរួមសង្កេតការណ៍ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២០ សីហា ២០១៨។
វគ្គបណ្ដុះបណ្ដាលនេះផ្ដោតសំខាន់ទៅលើ “ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងសេចក្ដីណែនាំ ដែលពាក់ព័ន្ធនឹងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ”។
ស.ស.យ.ក-តាកែវ បានរៀបចំក្រុមការងារ និងបានចូលរួមក្នុងការសង្កេតការណ៍ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន៥លើករួចមក។ ដោយឡែកឆ្នាំ២០១៨នេះ ស.ស.យ.ក-តាកែវ បានរៀបចំរួចរាល់នូវក្រុមការងារសង្កេតការណ៍ចំនួន៥៧នាក់ ដើម្បីបន្តការចូលរួមជាមួយ អង្គភាពប្រឆាំងអំពើពុករលួយ អនុវត្តទិសស្លោក “អ្នកចេះ គឺជាប់” របស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជារួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញពង្រឹងសមត្ថភាពរបស់សិស្សានុសិស្សឱ្យក្លាយជាធនធានមនុស្សដ៏មានសក្ដានុពលសម្រាប់សង្គមជាតិ។
អង្គភាពប្រឆាំងអំពើពុករលួយ ថ្ងៃអាទិត្យ ៩រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨។