អ្នកខ្លះយល់ថា អង្គរសង្រ្កាន្តជាមហាព្រឹត្តិការណ៍ នៃការជួបជុំគ្រួសារខ្មែរតែមួយ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខែ្មរ

អ្នកខ្លះយល់ថា អង្គរសង្រ្កាន្តជាមហាព្រឹត្តិការណ៍ នៃការជួបជុំគ្រួសារខ្មែរតែមួយ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខែ្មរ។ អ្នកខ្លះទៀតថា អង្គរសង្រ្កាន្ត ជាព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ ដែលបានផ្តល់ឱកាសឲ្យកូនខ្មែរជំនាន់ក្រោយបានចូលរួមអភិរក្ស និងអភិវឌ្ឍវប្បធម៌-ប្រពៃណីខ្លួន និងបានផ្សព្វផ្សាយនូវភាពអស្ចារ្យទាំងនោះទៅកាន់ពិភពលោក។ ជាងនេះទៅទៀត អ្នកខ្លះក៏ បានផ្សាភ្ជាប់ព្រឹត្តិការណ៍នេះទៅនឹងឱកាសនៃការចូលរួមដើម្បីសង្គមជាតិ ហើយក៏មានអ្នកខ្លះទៀតបានផ្សាភ្ជាប់វាទៅនឹងភាពសប្បាយរីករាយ ការជួបជុំ និងការបង្កើតមនោសញ្ចេតនាក៏សឹងមាន។
ទោះក្នុងអត្ថន័យណាក៏ដោយ គ្រប់ៗគ្នាបានយល់យ៉ាងច្បាស់ថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ពិតជាបានជ្រៀតចូលយ៉ាងជ្រៅទៅដល់ក្រអៅបេះដូងរបស់បងប្អូនខ្មែរគ្រប់រូប និងបានបណ្តាលចិត្តឲ្យពួកគេទាំងអស់គ្នាស្រឡាញ់ គាំទ្រ និងចូលរួមចំណែកតាមគ្រប់ទិដ្ឋភាព។
ការចូលរួម និងភាពច្នៃប្រឌិត បង្កើតនូវការចងចាំ ការចងចាំបង្កើតនូវភាពនឹកនា ហើយភាពនឹកនាបង្កើតនូវការទន្ទឹងរង់ចាំ។ ជាមួយនឹងការទន្ទឹងរង់ចាំនេះ សំនួរជាច្រើនបានលើកឡើងថា តើនរណាទៅ ជាតួអង្គរបស់យើងនៅក្នុងឆ្នាំនេះ? ឆ្លើយទៅនឹងសំនួរនេះ ក្រុមការងារសូមធ្វើការណែនាំគូស្នេហ៍ម៉ាប់ៗ ឃ្យូតៗមួយគូខាងក្រោមនេះ ជូនពុកម៉ែបងប្អូន៖
១. ដៃឆ្វេងកាន់ផ្កាស្មាញ៉ែងញ៉ង
ដៃស្តាំមួនផងក្រងធូបកាន់
ឈ្មោះបង "មង្គល" សុខសុវណ្ណ
ដៀងភ្នែកទៅកាន់វណ្ណនារី។
២. "មង្គល" ហៅឈ្មោះអូន "សុភក្រ្ត"
ឆ្លើយ "ចាស" រាក់ទាក់ខ្មូរដៃពីរ
"សុភក្រ្ត" សុភាពសមនារី
គូស្នេហ៍ទាំងពីរ "សុភមង្គល"។
សូមពុកម៉ែបងប្អូនទាំងអស់ កុំភ្លេចចូលរួមគាំទ្រ និងជូនពរទៅដល់គូស្នេហ៍ឆ្នាំថ្មីទាំងពីរនេះផង!
សូមអរគុណ!