អបអរសាទរពីធីសំណេះសំណាល និងប្រគល់ជូនសៀវភៅច្បាប់ក្រមង៉ុយ និងសៀវភៅបណ្ឌិត អ៊ូ ចុង
អបអរសាទរពីធីសំណេះសំណាល និងប្រគល់ជូនសៀវភៅច្បាប់ក្រមង៉ុយ និងសៀវភៅបណ្ឌិត អ៊ូ ចុង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនដល់លោកគ្រូ អ្នកគ្រូទូទាំងស្រុកបាទី
នៅព្រឹកថ្ងៃច័ន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បាននាំយកសៀវភៅ បណ្ឌិត អ៊ូ ចុង និងអ្នកភិរម្យភាសា អ៊ូ ហៅង៉ុយ (ច្បាប់ក្រមង៉ុយ) អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅប្រគល់ជូនដល់លោកគ្រូ អ្នកគ្រូ ទូទាំងស្រុកបាទី ចំនួន១០០៤នាក់ នៅបរិវេណវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន បាទី ដែលពិធីនេះស្ថិតនៅក្រោមអធិបតីភាព ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងឯកឧត្តម ស្វាយ សុវណ្ណារិទ្ធ អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សទីស្ដីការគណៈរដ្ឋមន្ត្រី អនុប្រធានថ្នាក់ជាតិចុះមូលដ្ឋានស្រុកបាទី និងជាប្រធានក្រុមការងារចុះមូលដ្ឋាឃុំកុមាររាជា ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូទូទាំងស្រុកបាទី យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបាទី ផងដែរ ។
ខ្លឹមសារក្នុងសៀវភៅទាំងនេះជាអត្ថបទបែបពុទ្ធប្រវត្តិ ច្បាប់គោរពមាតាបិតា ដំបូន្មានបព្វជិត អត្ថបទបែបអប់រំ ដាស់តឿន ប្រៀនប្រដៅមនុស្សក្នុងសង្គមឲ្យស្គាល់បុណ្យ បាប គុណ ទោស មានសីលធម៌ និងសុជីវធម៌រស់នៅល្អជាដើម។