សកម្មភាពយុវជន ដើម្បីសុខភាពប្រជាជន
សកម្មភាពយុវជន ដើម្បីសុខភាពប្រជាជន
សមាជិក សមាជិកា ស.ស.យ.ក. ស្រុកគិរីវង់ ចំនួន១០រូប ស្រី៣រូប បានចូលរួមសម្របសម្រួលក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋ ដែលអញ្ជើញមកពីឃុំសោម និងឃុំគិរីចុងកោះ នៅវត្តត្រពាំងពងទឹក ស្ថិតក្នុងឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ។
ក្រោមកិច្ចសហការរបស់អាជ្ញាធរស្រុកគិរីវង់ ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកគិរីវង់ និងសមាគមគ្រូពេទ្យចក្ខុខ្មែរ នាព្រឹកថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋបានចំនួន៤០០នាក់ ក្នុងនោះមកពីឃុំសោមចំនួន២៥០នាក់ និងមកពីឃុំគិរីចុងកោះចំនួន១៥០នាក់។កម្មវិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមសហប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកគិរីវង់ ប្រធានក្រុមការងារចុះជួយឃុំសោម ឃុំគិរីចុងកោះ គណៈអភិបាលស្រុក សមាជិកក្រុមប្រឹក្សាឃុំ និងបុគ្គលិកមណ្ឌលសុខភាពឃុំសោម ស្រុកគិរីវង់ផងដែរ។
ប្រជាពលរដ្ឋដែលបានចូលរួមពិនិត្យ និងព្យាបាលជំងឺភ្នែកនាថ្ងៃនេះ មានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងអាជ្ញាធរមូលដ្ឋានផងដែរ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ដល់សុខភាពប្រជាពលរដ្ឋ និងបានចុះជួបដោយផ្ទាល់ដល់មូលដ្ឋានជាប្រចាំ។