ពិធីក្រុងពាលីបើកព្រឹត្តិការណ៍ ទ្រាំងសង្រ្កាន្ត
ពិធីក្រុងពាលីបើកព្រឹត្តិការណ៍ ទ្រាំងសង្រ្កាន្ត
ទ្រាំងសង្រ្កាន្ត ជាព្រឹត្តិការណ៍មួយដែលត្រូវបានរៀបចំឡើង ក្រោមប្រធានបទ «រួមគ្នាថែរក្សាមរតកស្រុកទ្រាំងយើង» ដើម្បីអបអរសាទរឆ្នាំថ្មី ដែលនឹងនៅថ្ងៃទី ៧−៨ ខែមេសានេះ។ ព្រឹត្តិការណ៍នេះនឹងនាំមកនូវការបង្ហាញនូវល្បែងប្រជាប្រិយ ចង្វាក់រាំប្រពៃណីខ្មែរ និងសកម្មភាពផ្សេងៗជាច្រើនទៀត។
នារសៀលថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ សមាជិកសមាជិកា ស.ស.យ.ក. ស្រុកទ្រាំង បានចូលរួមក្នុងពិធីក្រុងពាលីបើកព្រឹត្តិការណ៍ទ្រាំងសង្រ្កាន្ត ដែលប្រារព្ធធ្វើនៅវត្តព្រៃផ្អាវ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ដោយមានការចូលរួមជាអធិបតីពី លោកអភិបាល នៃគណៈអភិបាលស្រុក សមាជិកក្រុមប្រឹក្សាស្រុក មន្រ្តីសាលាស្រុក ក្រុមប្រឹក្សាឃុំរនាម និងប្រជាពលរដ្ឋជាច្រើនផងដែរ។
ក្រុមការងាររៀបចំព្រឹត្តិការណ៍ ទ្រាំងសង្រ្កាន្ត សង្ឃឹមយ៉ាងមុតមាំថា ពុកម៉ែ បងប្អូននៅក្នុងស្រុកទ្រាំង ជាពិសេសសាធារណជនគ្រប់មជ្ឈដ្ឋាន នឹងចូលរួមទស្សនា កំសាន្តដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឲ្យបានច្រេីនកុះករ។
សូមបញ្ជាក់ផងដែរថាក្រៅពីព្រឹត្តិការណ៍ ទ្រាំងសង្រ្កាន្ត ក៏មានព្រឹត្តិការណ៍សង្ក្រាន្តនៅស្រុកផ្សេងៗក្នុងខេត្តតាកែវ ដូចជា៖
+ស្រុកបាទី៖
-សង្ក្រាន្តវិទ្យាល័យ សុខ អាន ត្រាំខ្នារ ថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨
-សង្ក្រាន្ត តាព្រហ្ម ទន្លេបាទី ថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨
+ស្រុកសំរោង៖
-សង្រ្កាន្ត ស្លារម ចាប់ពី ថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ដល់ថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ដល់ ១៧ ខែមេសា ឆ្នាំ២០១៨ នៅវត្តមហានាមស្លារម ភូមិត្រពាំងទ្រា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ
+ស្រុកព្រៃកប្បាស៖
ថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ នៅវត្តអង្គអណ្តែត ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ
+ស្រុកកោះអណ្តែត៖
ថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ដល់ថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០១៨