ចាប៉ីដងវែងខ្នាតធំត្រូវបានដង្ហែចូលបរិវេណភូមិខ្ញុំ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត

ចាប៉ីដងវែងខ្នាតធំត្រូវបានដង្ហែចូលបរិវេណភូមិខ្ញុំ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តនារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ នេះ ដើម្បីដាក់តាំងបង្ហាញជូនជនរួមជាតិឲ្យបានទស្សនាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។
ការដាក់តាំងចាប៉ីនេះ ក៏ដើម្បីជាការអបអរសាទរដល់ការដាក់ចាប៉ីដងវែងរបស់ខ្មែរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនេះ។
ចាប៉ីដងវែងខ្នាតធំ ដែលបានដាក់តាំងបង្ហាញក្នុងបរិវេណភូមិខ្ញុំនៅថ្ងៃអង្គរសង្រ្កាន្ត មានប្រវែង១០ម៉ែត្រកន្លះ មានតួស្នូកទទឹង ប្រវែង ២,២០ម៉ែត្រ បណ្តោយប្រវែង ២,៨០ម៉ែត្រ និងកម្រាស់ ៦០សង់ទីម៉ែត្រ។ ដងចាប៉ីដែលមានប្រវែង៧,៧០ម៉ែត្រ ធ្វើអំពីឈើខ្មុរព្រៃ ដែលជាប្រភេទឈើម៉្យាងសម្រាប់ធ្វើឧបករណ៍ភ្លេងខ្មែរ ដូចជាស្គរ តាខេ ឃឹម ជាដើម។ ចំណែកស្នូកធ្វើអំពីឈើកុំប្លាកេ និងខ្សែចាប៉ីធ្វើអំពីខ្សែជ័រទំហំ៨៥សង់ទីម៉ែត្រ។ ប្រលួតចំនួន៣ ដែលមានទំហំ ១៨សង់ទីម៉ែត្រ និងបណ្តោយប្រវែង១,០៥ម៉ែត្រ ត្រូវបានរចនាក្បូរក្បាច់យ៉ាងប្រណិត។ (រូបភាព៖ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា)