ស្នាក់ការ ស.ស.យ.ក-តាកែវ បានប្រារព្ធកម្មវិធីថ្លែងអំណរគុណ ជូនដល់លោកគ្រូ-អ្នកគ្រូបង្រៀនបំប៉នស្ម័គ្រចិត្ត ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៥

ដើម្បីតបស្នងដល់ការលះបង់ទាំងពេលវេលា និងកម្លាំងកាយ កម្លាំងចិត្តរបស់ក្រុមការងារទាំងអស់ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅស្នាក់ការ ស.ស.យ.ក-តាកែវ បានប្រារព្ធកម្មវិធីថ្លែងអំណរគុណ ជូនដល់លោកគ្រូ-អ្នកគ្រូបង្រៀនបំប៉នស្ម័គ្រចិត្ត ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៥ ក្រុមការងារសង្កេតការណ៍ស្ម័គ្រចិត្តក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៥ ក្រុមការងាររៀបចំជ្រើសរើសជ័យលាភីអាហារូបករណ៍ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន និងលោកជំទាវ ឆ្នាំ២០១៥ ក្រុមការងារស្ម័គ្រចិត្តចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៥ និងក្រុមការងារសាងសង់ និងជួសជុលផ្ទះជូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងអំឡុងខែឧសភា និងខែមិថុនា ឆ្នាំ២០១៥។
កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សុខ សូកាន អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ ឯកឧត្តម សុខ ខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងដូនកែវ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ និងលោក អ៊ូច ភា អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ គណៈប្រតិភូខុទ្ទកាល័យទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សា-អភិបាល ក្រុង-ស្រុក លោកនាយក លោកគ្រូ-អ្នកគ្រូ និងសមាជិក-សមាជិកា ស.ស.យ.ក-តាកែវ សរុបចំនួន ៥៣៩នាក់។