បងប្អូនអាជីវករ ជាជនបង្គោលជួរមុខក្នុងការចែករំលែកវិធានការរបស់ក្រសួងសុខាភិបាលទៅដល់ប្រជាពលរដ្ឋជាភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ
បងប្អូនអាជីវករ ជាជនបង្គោលជួរមុខក្នុងការចែករំលែកវិធានការរបស់ក្រសួងសុខាភិបាលទៅដល់ប្រជាពលរដ្ឋជាភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។
ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់នូវរលកទី២ និងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមសហគមន៍ ស.ស.យ.ក. ខេត្តតាកែវ និយាយជារួម និយាយដោយឡែកនាថ្ងៃនេះ ស.ស.យ.ក. ស្រុកបាទី បានបន្តចុះផ្សព្វផ្សាយនិងចែករំលែកនូវវិធានការនានារបស់ក្រសួងសុខាភិបាលក្នុងការចូលរួមទប់ស្កាត់នូវរលកទី២ និងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ជាពិសេសក្នុងឱកាសនៃការសងថ្ងៃឈប់សម្រាកដ៏ឆាប់ខាងមុខនេះ ដល់បងប្អូនប្រជាពលរដ្ឋជាអាជីវករនៅក្នុងរមណីយដ្ឋានទេសចរណ៍ទន្លេបាទី។
ការចុះផ្សព្វផ្សាយនេះដឹកនាំដោយ លោក ហង្ស វិច្ឆិការាស្សី អភិបាលរងនៃគណៈអភិបាលស្រុកបាទី និងជាប្រធាន ស.ស.យ.ក. ស្រុកបាទី ព្រមទាំងមានការចូលរួមពី លោក នៅ ណារិន ប្រធានការិយាល័យកសិកម្ម បរិស្ថាន ធនធានធម្មជាតិ លោក អ៊ូ ពន្លក គ្រូបង្គោល ស.ស.យ.ក. ស្រុក លោក ងែត រស្មី គ្រូបង្គោល វិស័យសុខាភិបាល ប្រធាន អនុប្រធាន និងសមាជិកនៃសហគមន៍ទេសចរណ៍ទន្លេបាទី ព្រមទាំងបងប្អូនអាជីវករនៅក្នុងរមណីយដ្ឋានទាំងមូលផងដែរ។
ក្រុមការងារ ស.ស.យ.ក. ស្រុកបាទី ក៏បានធ្វើការផ្ដាំផ្ញើដល់បងប្អូនអាជីវករទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួនបំផុត ព្រមទាំងជម្រាបដល់បងប្អូនជាភ្ញៀវទេសចរណ៍ឱ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ក្នុងការរក្សាអនាម័យស្អាត សណ្ដាប់ធ្នាប់ និងគិតគូរដល់បរិស្ថានជាពិសេស ក្នុងន័យចូលរួមដើម្បីសុខភាពប្រជាជនទាំងអស់គ្នា។
ថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។