ស.ស.យ.ក. ស្រុកទ្រាំង ផ្សព្វផ្សាយស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ នៅវត្តអង្គស្ពឺ ជាមួយកម្មវិធីផ្សព្វផ្សាយសីលធម៌សង្គមរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តតាកែវ

ស.ស.យ.ក. ស្រុកទ្រាំង ផ្សព្វផ្សាយស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ នៅវត្តអង្គស្ពឺ ជាមួយកម្មវិធីផ្សព្វផ្សាយសីលធម៌សង្គមរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តតាកែវ។

កម្មវិធីផ្សព្វផ្សាយសីលធម៌សង្គម និងពិធីផ្សព្វផ្សាយស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ត្រូវបានរៀបចំឡើងនៅក្នុងវត្តអង្គស្ពឺ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ ដែលមានការឧទ្ទេសនាមដោយ លោក សាំង ប្រុស ប្រធានការិយាល័យមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តតាកែវ ដោយមានការចូលរួមពី ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ ដែលដឹកនាំដោយ លោក ជួន វាសនា អនុប្រធាន ស.ស.យ.ក. ស្រុកទ្រាំង និងសហការី ព្រមទាំងមានការចូលរួមពី លោក លោកស្រី អនុប្រធានការិយាល័យធម្មការ និងសាសនាស្រុកទ្រាំង អាជ្ញាធរឃុំអង្គខ្នុរ មេភូមិ យុវជន ស.ស.យ.ក. និងប្រជាពលរដ្ឋប្រមាណចំនួន ៦៥នាក់ ស្រី៣៤នាក់។ ពិធីនេះមានគោលបំណងចូលរួមចំណែកផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយទៅដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យប្រកាន់ខ្ជាប់នូវសីលធម៌ខ្ពស់ក្នុងនាមជាកូនខ្មែរដែលមានវប្បធម៌ អរិយធម៌ដ៏ឧត្ដុង្គឧត្ដម គោរពឪពុកម្ដាយ គ្រូបាធ្យាយនិងចាស់ព្រឹទ្ធាចារ្យ ព្រមទាំងចូលរួមផ្សព្វផ្សាយនូវគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដើម្បីចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺនេះ កុំឱ្យមានឆ្លងនៅក្នុងសហគមន៍របស់យើង តាមរយៈការធ្វើវិធានអនាម័យឱ្យបានខ្ជាប់ខ្ជួនដូចជាការលាងសម្អាតដៃឱ្យបានញឹកញាប់ ទទួលទានអាហារដែលចម្អិនឆ្អិនល្អ ពាក់ម៉ាស កាត់បន្ថយការជួបជុំ និងរក្សាគម្លាតសង្គម ឬគម្លាតបុគ្គល។
ថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០