យុទ្ធនាការបញ្រ្ជាបការយល់ដឹងស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្អូនៗកុមារកំព្រា នៅមណ្ឌលកុមារកំព្រា ខេត្តតាកែវ

“ យុទ្ធនាការបញ្រ្ជាបការយល់ដឹងស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្អូនៗកុមារកំព្រា នៅមណ្ឌលកុមារកំព្រា ខេត្តតាកែវ “
ប្អូនៗក្មួយៗកុមារកំព្រា ដែលកំពុងស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាខេត្តតាកែវ បានទទួលអំណោយសប្បុរសធម៌ពី ស.ស.យ.ក-តាកែវ ក្រុមហ៊ុន សោម៉ា គ្រុប ព្រមទាំងមានការចូលរួមពីរដ្ឋបាលខេត្តតាកែវ និងសប្បុរសជនជាច្រើនផងដែររួមមានគ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ ម៉ាស ទឹកលាងដៃសម្លាប់មេរោគ និងសម្ភារសិក្សាជាច្រើនផងដែរ។
ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធាន ស.ស.យ.ក. ខេត្តតាកែវ ឯកឧត្ដម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោកស្រី ចម ក្រស្នា អគ្គនាយិកានៃក្រុមហ៊ុន សោម៉ា គ្រុប និងមានការចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន និងតំណាងមន្ទីរអង្គភាពជុំវិញខេត្ត សមាជិក សមាជិកា ស.ស.យ.ក. ខេត្តតាកែវ សាស្រ្តចារ្យនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត គណៈគ្រប់គ្រងនិងបុគ្គលិកនៃក្រុមហ៊ុន សោម៉ា គ្រុប ព្រមទាំងប្អូនៗក្មួយៗនៅក្នុងមណ្ឌលកុមារកំព្រាទាំងអស់សរុបប្រមាណ ១៥០នាក់។ នៅក្នុងឱកាសដ៏មានអត្ថន័យនេះ កម្មវិធីក៏មានការរៀបចំបទបង្ហាញដោយ លោកបណ្ឌិត ជា ស៉ីន ព្រឹទ្ធបុរសនៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត  ស្ដីពីការធ្វើអនាម័យដៃ ការពាក់ម៉ាសឱ្យបានត្រឹមត្រូវ ការឈរ និងរក្សាគម្លាតពីគ្នា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩។
ថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០