ឯកឧត្ដមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្ដម សុខ ពុទ្ធិវុធ អញ្ជើញថ្លែងអំណរគុណដល់យុវជន ស.ស.យ.ក. ស្រុកទ្រាំង និងប្រជាការពារភូមិទូទាំងស្រុកទ្រាំង ខេត្តតាកែវ ដែលបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការបញ្រ្ជាបការយល់ដឹងស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩
“ ឯកឧត្ដមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្ដម សុខ ពុទ្ធិវុធ អញ្ជើញថ្លែងអំណរគុណដល់យុវជន ស.ស.យ.ក. ស្រុកទ្រាំង និងប្រជាការពារភូមិទូទាំងស្រុកទ្រាំង ខេត្តតាកែវ ដែលបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការបញ្រ្ជាបការយល់ដឹងស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ជូនដល់ប្រជាជនកម្ពុជា នៅទូទាំងស្រុកទ្រាំង “ សមាជិក សមាជិកា ស.ស.យ.ក. ស្រុកទ្រាំង និងប្រជាការពារភូមិទូទាំងស្រុកទ្រាំង បានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្រ្តីសុខាភិបាលដើម្បីផ្សព្វផ្សាយពីហានិភ័យនៃជំងឺកូវីដ១៩ និងវិធានការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺនេះជូនដល់ប្រជាពលរដ្ឋទូទាំងឃុំទាំង១៤ ក្នុងស្រុកទ្រាំង។ ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង និង ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង ព្រមទាំងមានការចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឃុំ គណៈអភិបាលស្រុក សមាជិកក្រុមប្រឹក្សាស្រុក ប្រជាការពារភូមិ១៥៣រូប សមាជិក ស.ស.យ.ក. ៥២រូប ផងដែរ។ ស្ថិតក្នុងពិធីនេះ ឯកឧត្ដមគណៈអធិបតីក៏បានជម្រាបជូនបងប្អូនប្រជាការពារភូមិ និងយុវជន ស.ស.យ.ក. ទាំងអស់ផងដែរថាបើទោះបីជាស្ថានភាពជំងឺនៅក្នុងប្រទេសកម្ពុជាមានការព្យាបាលបានជាសះស្បើយជាបន្តបន្ទាប់ក្ដី ក៏ត្រូវបន្តពង្រឹងការប្រុងប្រយ័ត្នខ្ពស់ ថែរក្សាអនាម័យ ជាពិសេសអនុវត្តតាមវិធានការណែនាំនានារបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន និងចូលរួមផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយនូវហានិភ័យនៃជំងឺកូវីដ១៩ នេះ ទៅដល់ក្រុមគ្រួសារដើម្បីចូលរួមការពារ ទប់ស្កាត់ កុំឱ្យមានឆ្លងនៅក្នុងសហគមន៍របស់ខ្លួន។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដមគណៈអធិបតីក៏បាននាំយកមកនូវសម្ភារមួយចំនួនចែកជូនដល់ សមាជិក ស.ស.យ.ក. និងប្រជាការពារភូមិ ដូចជាអាហារសណ្ដែកកំប៉ុង សាប៊ូលាងដៃ ជែលសម្លាប់មេរោគ ម៉ាស់ និងខិតប័ណ្ណផ្សព្វផ្សាយស្ដីពីវិធានការការពារទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ១៩ ផងដែរ។
ថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ តាកែវ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០