ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ ចូលរួមសម្របសម្រួលកម្មវិធីពិនិត្យសុខភាពសហគមន៍និងការផ្លាស់ប្តូរវប្បធម៌ កម្ពុជា-កូរ៉េ
ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ ចូលរួមសម្របសម្រួលកម្មវិធីពិនិត្យសុខភាពសហគមន៍និងការផ្លាស់ប្តូរវប្បធម៌ កម្ពុជា-កូរ៉េ
ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ ២០នាក់ ចូលរួមសម្របសម្រួលកម្មវិធីពិនិត្យសុខភាពសហគមន៍និងការផ្លាស់ប្តូរវប្បធម៌ កម្ពុជា-កូរ៉េ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១២-១៤ ខែសីហា ឆ្នាំ២០១៩។ ពិធីបេីកកម្មវិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទ្រាំង ឯកឧត្តម OH Nak-Young ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋកូរ៉េ និងលោកស្រី គា សុភូ អភិបាលរងខេត្តតាកែវ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ ពុទ្ធិវុធ បានមានប្រសាសន៍ថាកម្មវិធីដ៏មានអត្ថន័យនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែកលើកកម្ពស់ សុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជាការចូលរួមលើកកម្ពស់វិស័យសុខាភិបាលដែលត្រូវបានចាត់ទុកជាវិស័យអទិភាព ក្នុងចំណោមវិស័យសំខាន់ៗជាច្រើនទៀតក្នុងគោលនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា។ ឯកឧត្តម ក៏បានបន្តថា យេីងទាំងអស់គ្នាបានជ្រាបហេីយពីទុក្ខវេទនាក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ប៉ុន្តែក្រោយថ្ងៃរំដោះ 7 មករា ឆ្នាំ1979 ដែលជាថ្ងៃកំណើតទី2របស់យើងទាំងអស់គ្នា និងក្រោមការដឹកនាំដ៏ប៉ិនប្រសព្វនិងឈ្លាសវៃរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ បាននាំនាវាកម្ពុជាឱ្យបានរួចផុតពីភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃជាច្រើនទសវត្ស ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋត្រូវបានលើកកម្ពស់ជាលំដាប់ ព្រមទាំងបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សេដ្ឋកិច្ចជាតិ ធនធានមនុស្ស និងកិត្តិនាមរបស់កម្ពុជាល្បីរន្ទឺលើឆាកអន្តរជាតិ និងស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងលើសកលលោក។