កិច្ចប្រជុំគណៈកម្មាធិការកណ្តាលបានបញ្ចប់ក្នុងស្មារតីសាមគ្គីភាព និងភាតរភាព
កិច្ចប្រជុំគណៈកម្មាធិការកណ្តាលបានបញ្ចប់ក្នុងស្មារតីសាមគ្គីភាព និងភាតរភាព។ កិច្ចប្រជុំរយៈពេលបីថ្ងៃនេះបានស្វែងរកធាតុចូលជាច្រើនចេញពីការចែករំលែកយ៉ាងផុលផុសពីសំណាក់សមាជិក សមាជិកានៃកិច្ចប្រជុំទាំងអស់ ដែលធាតុចូលទាំងនេះជាមូលដ្ឋាននៃគំនិតបន្ថែមទៀតក្នុងការដឹកនាំយុវជន និងអនុវត្តកិច្ចការជាបន្តនៅតាមមូលដ្ឋានរៀងៗខ្លួន។ ជាងនេះទៅទៀតកិច្ចប្រជុំមិនត្រឹមតែបានតាមដានការអនុវត្តផែនការយុទ្ធសាស្ត្ររបស់ ស.ស.យ.ក. សម្រាប់ឆ្នាំ២០១៨ - ២០២៣ តែប៉ុណ្ណោះទេ តែកិច្ចប្រជុំបានដើរតួនាទីជាវេទិកានៃការត្រៀមខ្លួនរបស់ស.ស.យ.ក. ឆ្ពោះទៅអនាគត និង ឆ្ពោះទៅបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ ក៏ដូចជាការតាំងចិត្តចូលរួមជាមួយរាជរដ្ឋាភិបាលសម្រាប់ទស្សនវិស័យឆ្នាំ២០៣០ និង ២០៥០។
សហភាពសហព័ន្ធយុវជនកម្ពុជា សូមថ្លែងអំណរគុណដល់សមាជិក សមាជិកា ទាំងអស់ដែលចូលរួមយ៉ាងសស្រាក់សស្រាំក្នុងកិច្ចពិភាក្សា និងកិច្ចប្រជុំ និងសូមអបអរសាទរដល់បេក្ខភាពគណៈកម្មាធិការកណ្តាលទាំង២០រូប ដែលទទួលបានការជឿទុកចិត្តបោះឆ្នោតពីសំណាក់អង្គប្រជុំក្លាយជាសមាជិកគណៈកម្មាធិការកណ្តាលបន្ថែម៕