គោរពច្បាប់ចរាចរណ៍គឺស្រលាញ់អាយុជីវិតខ្លួនឯង និងអ្នកដទៃ
គោរពច្បាប់ចរាចរណ៍គឺស្រលាញ់អាយុជីវិតខ្លួនឯង និងអ្នកដទៃ
សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ចំនួន ៣០នាក់ បានចូលរួមទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៣ នៅសាលសហសិក្សាមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវក្រោមអធិបតីភាពឯកឧត្តម នុត ខុន សមាជិកក្រុមប្រឹក្សាខេត្ត លោក ខាន់ សុខា អភិបាលរងខេត្ត ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន និងសិស្សានុសិស្សសរុប ៤២៩នាក់។
ការរៀបចំទិវានេះគឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ដូចជាការដាស់តឿនដល់អ្នកពាក់ព័ន្ធទាំងអស់ចូលរួមសហការ អនុវត្តការរឹតបន្តឹងការគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបច្ចុប្បន្ននេះបញ្ហាចរាចរណ៍បានក្លាយជាបញ្ហាប្រឈមមួយដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
កត្តាដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖
-កត្តាមនុស្ស៖ ការបើកបរលើសល្បឿនកំណត់ បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង មិនពាក់មួកសុវត្ថិភាព មិនពាក់ខ្សែរក្រវាត់
-កត្តាយានយន្ត៖ ដែលបណ្តាលមកពីម្ចាស់យានយន្តមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាប្រចាំ
-កត្តាផ្លូវថ្នល់ក៏ជាផ្នែកមួយនៃមូលហេតុគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
ដើម្បីចៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ ភាគីពាក់ព័ន្ធទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន មិនត្រូវបើកបរលើសល្បឿនកំណត់ឬបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាព ពាក់ខ្សែរក្រវាត់ឱ្យបានត្រឹមត្រូវ ត្រូវមានសុជីវធម៌ និងអធ្យាស្រ័យក្នុងការបើកបរ និងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានជាប្រចាំ។