យុវជន ស.ស.យ.ក. ខេត្តតាកែវ បន្តស្វែងយល់ពីការទប់ស្កាត់ការបំផ្លាញ និងជួញដូរវត្ថុបុរាណខុសច្បាប់
« យុវជន ស.ស.យ.ក. ខេត្តតាកែវ បន្តស្វែងយល់ពីការទប់ស្កាត់ការបំផ្លាញ និងជួញដូរវត្ថុបុរាណខុសច្បាប់ »
សមាជិក សមាជិកា ស.ស.យ.ក. ស្រុកអង្គរបូរី ខេត្តតាកែវ ចំនួន២៥នាក់ ស្រី១៤នាក់ បានចូលរួមកម្មវិធីផ្សព្វផ្សាយស្ដីពីការទប់ស្កាត់ ការបំផ្លាញ និងការជួញដូរវត្ថុបុរាណខុសច្បាប់ ក្រោមអធិបតីភាព លោក ហម គឹមសុន អគ្គនាយករង នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការនិមន្ត និងអញ្ជើញចូលរួមពី លោក លោកស្រី អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ អាជ្ញាធរស្រុកអង្គរបូរី អាជ្ញាឃុំទាំង៦ ទូទាំងស្រុក សមត្ថកិច្ចពាក់ព័ន្ធ ព្រះសង្ឃ យុវជន និងប្រជាពលរដ្ឋសរុបចំនួន១៩៦អង្គ/នាក់។
កម្មវិធីនេះមានគោលបំណងសំខាន់ចែករំលែកបទពិសោធន៍ ព័ត៌មាន និងវិធានការសំខាន់ៗនានាដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសយុវជន ឱ្យបានស្វែងយល់បន្ថែមលើតួនាទីរបស់ខ្លួនក្នុងនាមជាប្រជាពលរដ្ឋមួយរូប ដែលអាចមានសមត្ថកិច្ចចូលរួមក្នុងការទប់ស្កាត់ ការបំផ្លាញ និងជួញដូរវត្ថុបុរាណខុសច្បាប់ និងរាយការណ៍ជូនសមត្ថកិច្ចពាក់ព័ន្ធឱ្យបានទាន់ពេលវេលាក្នុងន័យចូលរួមថែរក្សា និងអភិរក្សមរតកដូនតាជំនាន់មុន ក៏ដូចជាលើកស្ទួយវប្បធម៌កេរដំណែលខ្មែរឱ្យបានគង់រង្សជានិរន្តរ៍ផងដែរ។