ការចូលរួមរបស់ ស.ស.យ.ក-តាកែវ ដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ
“ ការចូលរួមរបស់ ស.ស.យ.ក-តាកែវ ដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ “
ក្រោយបញ្ចប់សិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីការប្រែប្រួលអាកាសធាតុលើផ្នែកទ្រឹស្ដី សមាជិក ស.ស.យ.ក-តាកែវ បានចូលរួមដាំកូនឈើបីប្រភេទរួមមាន បេង ក្រញូង និងធ្នង់ ចំនួន ១១៧ដើម នៅសាលាបឋមសិក្សាជ្រោយសំរោង ស្ថិតក្នុងសង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។
ពិធីនេះមានការចូលរួមពី លោក ខាន់ សុខា អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ លោកបណ្ឌិត ហេង ចាន់ធឿន អនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានប្រែប្រួលអាកាសធាតុ ក្រសួងបរិស្ថាន និងសហការី លោកប្រធានមន្ទីរបរិស្ថានខេត្តតាកែវ មន្រ្តីរាជការមន្ទីរបរិស្ថានខេត្ត ព្រះគ្រូចៅអធិការវត្តជ្រោយសំរោង គណៈកម្មការអាចារ្យ វត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃសាលាបឋមសិក្សាជ្រោយសំរោង វិទ្យាល័យ ហ៊ុន សែន ឈើទាល ប្រមាណជាង២០០នាក់។
របាយការណ៍របស់នាយកដ្ឋានប្រែប្រួលអាកាសធាតុបានបង្ហាញថាឧស្ម័នផ្ទះកញ្ចក់ ដែលបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាកាសធាតុ ៩០ភាគរយ កើតចេញពីសកម្មភាពរបស់មនុស្ស ហើយ ១០ភាគរយប៉ុណ្ណោះ កើតចេញពីធម្មជាតិ។
ការសន្សំសំចៃទឹក អគ្គិសនី ឬថាមពលប្រេងឥន្ធនៈ ជាជម្រើសដ៏ល្អមួយរបស់យុវជន ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូបក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ លើសពីនេះទៀត ការចូលរួមដាំកូនឈើនាពេលនេះ បានរួមចំណែកយ៉ាងច្រើនក្នុងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ក្នុងន័យបង្កើតផ្ទៃបៃតងនៅមូលដ្ឋានយើងឱ្យបានកាន់តែច្រើន និងស្រស់បំព្រងឡើងដើម្បីគោលដៅរួមការពារប្រព័ន្ធអាកាសធាតុសម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិបច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយ។
សាលាបឋមសិក្សាជ្រោយសំរោង ថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨