សមាជិក សមាជិកា ស.ស.យ.ក-តាកែវ ចំនួន១៥០នាក់ បានចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាល ស្ដីពីការប្រែប្រួលអាកាសធាតុ សម្រាប់យុវជនខេត្តតាកែវ
សមាជិក សមាជិកា ស.ស.យ.ក-តាកែវ ចំនួន១៥០នាក់ បានចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាល ស្ដីពីការប្រែប្រួលអាកាសធាតុ សម្រាប់យុវជនខេត្តតាកែវ ដែលរៀបចំដោយក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨។
គោលបំណងនៃសិក្ខាសាលា គឺដើម្បីបង្កើនចំណេះដឹងស្ដីពីការប្រែប្រួលអាកាសធាតុសម្រាប់យុវជន ដែលរួមមានមូលហេតុ ផលប៉ះពាល់ ការឆ្លើយតបថ្នាក់ជាតិ និងអន្តរជាតិ និងវិធានការចាំបាច់រួមចំណែកដល់ការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។
នៅក្នុងពិធីបើកសិក្ខាសាលាក្រោមអធិបតីភាព លោក ខាន់ សុខា អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ លោក ម៉ា ច័ន្ទសទ្ធា ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ និងមានការចូលរួមពីសមាជិក សមាជិកា ស.ស.យ.ក-តាកែវ សិស្សានុសិស្ស និងមន្រ្តីមន្ទីរបរិស្ថាន ខេត្តតាកែវ ប្រមាណជាង២០០នាក់ ឯកឧត្តមគណៈអធិបតី បានថ្លែងអំណរគុណ និងសាទរ ចំពោះការរៀបចំឱ្យមានសិក្ខាសាលានេះឡើង និងសម្ដែងការរីករាយដោយឃើញមានសន្ទុះនៃការចូលរួមរបស់យុវជនមានចំនួនច្រើន ដែលចាប់អារម្មណ៍នៅក្នុងការស្វែងយល់អំពីការកើនឡើងកម្ដៅនៅលើភពផែនដី និងការប្រែប្រួលអាកាសធាតុ។
បទបង្ហាញមួយរបស់សិក្ខាសាលាបានបង្ហាញថា ប្រទេសកម្ពុជា ពុំមែនជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់រហូតដល់ជាប់កាតព្វកិច្ចនៅក្នុងការកាត់បន្ថយនោះទេ ប៉ុន្តែប្រទេសកម្ពុជា ជាប្រទេសដែលងាយរងគ្រោះខ្លាំងពីការប្រែប្រួលអាកាសធាតុព្រោះកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ ដែលស្ថិតនៅក្នុងតំបន់ត្រូពិចមូសុង ព្រមទាំងមានប្រជាជនប្រកបរបរកសិកម្មជាចម្បង និងពុំសូវមានការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ណាមួយប៉ះពាល់ដល់បរិស្ថានអាកាសធាតុឡើយ។
ក្នុងនាមជាយុវជន ពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមទប់ស្កាត់ ការពារនូវការកើនឡើងកម្ដៅរបស់ផែនដី ឧស្ម័នផ្ទះកញ្ចក់ និងការប្រែប្រួលអាកាសធាតុ តាមរយៈការសន្សំសំចៃការប្រើប្រាស់ទឹក អគ្គិសនី និងចំហេះប្រេងឥន្ធនៈផ្សេងៗ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដោយងាកមកចូលរួមបង្កើនការដាំដើមឈើ (ហូបផ្លែ លម្អ ផ្សេងៗ) ដើម្បីបង្កើននូវផ្ទៃបៃតងនៅក្នុងសហគមន៍ សាលារៀន មូលដ្ឋាន របស់ខ្លួនឱ្យបានកាន់តែច្រើនឡើង។ ការចូលរួមនេះមិនមែនត្រឹមតែបង្កផលជាវិជ្ជមានសម្រាប់តែប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានចូលរួមជាខ្លាំងសម្រាប់បម្រើផលប្រយោជន៍ដល់ប្រជាជាតិទូទាំងពិភពលោក។
សណ្ឋាគារអាលីសវីឡា ក្រុងដូនកែវ ខេត្តតាកែវ ថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨។