ឯកឧត្តម សុខ ពុទ្ធិវុធ ជួបសំណេះសំណាលជាមួយក្រុមកីឡាបាល់ទាត់ក្លឹបគិរីវង់ សុខ សែនជ័យ
ឯកឧត្តម សុខ ពុទ្ធិវុធ ជួបសំណេះសំណាលជាមួយក្រុមកីឡាបាល់ទាត់ក្លឹបគិរីវង់ សុខ សែនជ័យ
ព្រឹកថ្ងៃអាទិត្យ ៧រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមកីឡាបាល់ទាត់ក្លឹបគិរីវង់ សុខ សែនជ័យ នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ដើម្បីពង្រឹងរចនាសម្ព័ន្ធ របៀបរបបការងារ និងត្រៀមលក្ខណៈចូលរួមប្រកួតពានរង្វាន់លីគលំដាប់ទី២ ដែលនឹងចាប់ផ្តើមនាពេលខាងមុខនេះ។
ក្នុងឱកាសនោះ ឯកឧត្តម បានផ្តាំផ្ញើដល់កីឡាករទាំងអស់ត្រូវគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់ក្លឹបឱ្យបានល្អ ខិតខំហ្វឹកហាត់អភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឱ្យកើនឡើងជាលំដាប់ដើម្បីជួយដល់ក្លឹបទទួលបានជ័យជម្នះក្នុងការប្រកួត ហើយបានឡើងទៅលេងនៅក្នុងពានរង្វាន់លំដាប់កំពូលវិញគឺពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ជាពិសេសគឺពង្រឹងសមត្ថភាពខ្លួនដើម្បីជាប់ឈ្មោះជាកីឡាករជម្រើសជាតិ ដើម្បីចូលរួមប្រកួតតំណាងឱ្យជាតិក្នុងការប្រកួតធំៗលក្ខណៈអន្តរជាតិ ស្របពេលដែលកីឡាបាល់ទាត់របស់កម្ពុជាកំពុងមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់។ ឯកឧត្តម ក៏បានផ្តាំផ្ញើបន្ថែមដល់កីឡាករទាំងអស់ត្រូវថែរក្សាសុខភាព និងកម្លាំងឱ្យបានល្អ ហើយមិនត្រូវសេពគ្រឿងស្រវឹងដែលនាំឱ្យប៉ះពាល់ដល់សុខភាព កម្លាំង និងការប្រកួតរបស់ខ្លួនឡើយ។
សូមបញ្ជាក់ថាក្លឹបបាល់ទាត់គិរីវង់ សុខ សែនជ័យ ត្រូវបានបង្កើតឡើងដោយ សម្តេចវិបុលបញ្ញា សុខ អាន ក្នុងគោលបំណងចូលរួមលើកស្ទួយវិស័យកីឡានៅកម្ពុជា និងជម្រុញដល់យុវជនឱ្យងាកមកលេងកីឡាចាកឆ្ងាយពីគ្រឿងញៀន។ ក្រៅពីក្លឹបកីឡាបាល់ទាត់ សម្តេចវិបុលបញ្ញា សុខ អាន បានបង្កើតនូវក្លឹបកីឡាផ្សេងៗជាច្រើនទៀតក្នុងខេត្តតាកែវដូចជាកីឡាប្រណាំង ទូក ង កីឡាប៉េតង់ជាដើម៕