ការងារចូលរួមសង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២០ សីហា ២០១៨

ទោះបីត្រូវក្រោកតាំងពីមេឃមិនទាន់ភ្លឺ ហត់នឿយអស់កម្លាំង និងជួបនូវបញ្ហាប្រឈមមួយចំនួនក៏ដោយ ក៏អ្នកសង្កេតការណ៍ ស.ស.យ.ក. ខេត្តតាកែវយើងនៅតែខិតខំបន្តការងារចូលរួមសង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២០ សីហា ២០១៨ ប្រកបដោយជោគជ័យគួរជាទីមោទនៈ ដែលបានចូលរួមចំណែកធ្វើឲ្យដំណេីរការនៃការប្រឡងនៅតាមមណ្ឌលប្រឡងនានាក្នុងខេត្តតាកែវប្រព្រឹត្តទៅយ៉ាងរលូន និងមានភាពស្ងប់ស្ងាត់យ៉ាងល្អប្រសេីរ។
ការចូលរួមរបស់បងប្អូនយើងនៅពេលនេះមានន័យថា បងប្អូនបានចូលរួមចំណែកធ្វេីឲ្យគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជាកាន់តែមានប្រសិទ្ធភាព ជាពិសេសគឺចូលរួមលើកកម្ពស់គុណភាពនៃការអប់រំ ក៏ដូចជាចូលរួមពង្រឹង និងលើកកម្ពស់យុវជនយើងឲ្យក្លាយជាធនធានមនុស្សពិតប្រាកដប្រកបដោយគុណភាព ដែលអាចចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសយើងឲ្យកាន់តែរីកចំរើននាថ្ងៃអនាគត។
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារអ្នកសង្កេតការណ៍ ស.ស.យ.ក. ស្ម័គ្រចិត្ត មន្ត្រី អ.ប.ព. និងលោកគ្រូអ្នកគ្រូទាំងអស់ ដែលបានលះបង់កំលាំងកាយ កំលាំងចិត្ត ពេលវេលា តស៊ូមិនខ្លាចនឿយហត់ ជាមួយឆន្ទះ និងស្មារតីទទួលខុសត្រូវខ្ពស់ ចូលរួមសហការសង្កេតការណ៍ប្រកបដោយក្រមសីលធម៌ និងការគោរពបានយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជា និងដែនសមត្ថកិច្ចដែលបានកំណត់ ដេីម្បីជម្រុញឲ្យការដំណេីរនៃប្រឡងមធ្យមសិក្សាទុតិយភូមិ នេះទទួលបានជោគជ័យ និងសូមឲ្យបងប្អូនទាំងអស់បន្តរក្សាស្មារតីនេះ និងបន្តចូលរួមចំណែកក្នុងកិច្ចការសង្គមដើម្បីបុព្វហេតុជាតិមាតុភូមិយេីង។
សូមជូនពរដល់បងប្អូន និងសមាជិកសមាជិកា ស.ស.យ.ក. យើងទាំងអស់ មន្ត្រី អ.ប.ព. និងលោកគ្រូអ្នកគ្រូ សូមឲ្យមានសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាវៀងវៃ ទទួលបានជ័យជម្នះគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។