ស.ស.យ.ក. ខេត្តតាកែវ ចូលរួមសង្កេតការណ៍ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២០ សីហា ២០១៨ នៅតាមមណ្ឌលប្រឡងទាំង១៧មណ្ឌល ទូទាំងខេត្តតាកែវ
« ស.ស.យ.ក. ខេត្តតាកែវ ចូលរួមសង្កេតការណ៍ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២០ សីហា ២០១៨ នៅតាមមណ្ឌលប្រឡងទាំង១៧មណ្ឌល ទូទាំងខេត្តតាកែវ »
នៅខេត្តតាកែវ មានមណ្ឌលប្រឡងចំនួន១៧ នៅក្នុងស្រុក ក្រុង ចំនួនបី រួមមានស្រុកទ្រាំង ស្រុកត្រាំកក់ និងក្រុងដូនកែវ។ បេក្ខជនប្រឡងសរុបមានចំនួន ១០.៧៩៧នាក់ ចែកចេញជា៤៣៥បន្ទប់ប្រឡង។ ក្នុងនេះថ្នាក់វិទ្យាសាស្រ្តមាន១០មណ្ឌល និងថ្នាក់វិទ្យាសាស្រ្តសង្គមមាន៧មណ្ឌល (ថ្នាក់ស្វៃរិន បំពេញវិជ្ជា និងស្វៃរិនបំពេញវិជ្ជាមានចំនួន៥មណ្ឌល)
សមាជិក សមាជិកា ស.ស.យ.ក-តាកែវ ចំនួន៥៣រូប ស្រី២៤រូប បានចូលរួមសង្កេតការណ៍ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២០ សីហា ២០១៨ នៅមណ្ឌលប្រឡងទាំង១៧ ទូទាំងខេត្តតាកែវ។
សម័យប្រឡង ២០ សីហា ២០១៨ ដែលជាថ្ងៃទី១ នៃដំណើរការប្រឡង អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ស.ស.យ.ក-តាកែវ បានទៅដល់មណ្ឌលទាំង១៧ នៅវេលាម៉ោង ៦៖០០នាទីព្រឹក នឹងបានសង្កេតឃើញថានៅតាមមណ្ឌលប្រឡងនីមួយៗ មានស្ថានភាពស្ងប់ស្ងាត់ ពុំមានអ្វីគួរឱ្យកត់សម្គាល់ឡើយ។ ជាមួយគ្នានេះដែរបេក្ខជនប្រឡងនៅតាមមណ្ឌលនីមួយៗក៏បានធ្វើដំណើរមកកាន់មណ្ឌលប្រឡងរៀងៗខ្លួនដោយទឹកមុខរីករាយ និងជឿជាក់លើសមត្ថភាពផ្ទាល់ខ្លួនស្របពេលឃើញការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា មានលក្ខណៈល្អប្រសើរ ដែលមានការចូលរួមក្នុងដំណើរការសង្កេតការណ៍ប្រឡងពីអង្គភាពប្រឆាំងអំពើពុករលួយ និងអង្គភាពពាក់ព័ន្ធ ជាពិសេសអាណាព្យាបាលរបស់បេក្ខជនទទួលស្គាល់ និងទុកចិត្តខ្ពស់ដល់ការរៀបចំការប្រឡងនាឆ្នាំកន្លងមកផងដែរ។
ស.ស.យ.ក-តាកែវ សូមជូនពរដល់ប្អូនៗ ដែលជាបេក្ខជនប្រឡងគ្រប់រូបឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការប្រឡង។