បរិយាកាសប្រកបដោយសុវត្ថិភាពសម្រាប់យុវជន

ស.ស.យ.ក. ស្រុកព្រៃកប្បាស ខេត្តតាកែវ សហការជាមួយការិយាល័យអប់រំ យុវជន និងកីឡាស្រុកព្រៃកប្បាស រៀបចំកម្មវិធីអបអរសាទរខួបលើកទី១៩ ទិវាអន្តរជាតិសម្រាប់យុវជន១២ សីហា ក្រោមប្រធានបទ <<បរិយាកាសប្រកបដោយសុវត្ថិភាពសម្រាប់យុវជន>>
នៅស្នាក់ការ ស.ស.យ.ក. ស្រុកព្រៃកប្បាស មានការរៀបចំកម្មវិធីអបអរសាទរខួបលលើកទី ១៩ ទិវាយុវជនអន្តរជាតិ១២ សីហា ស្ថិតក្រោមអធិបតីភាព លោកស្រី បាន ឌី អភិបាលរងនៃគណៈអភិបាលស្រុកព្រៃកប្បាស លោក ស្រី ច័ន្ទបូរ៉ាត់ ប្រធានការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក អែម អន ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកព្រៃកប្បាស លោក ទ្រី មករា តំណាងគណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស និងមានការអញ្ជើញចូលរួមពីលោកប្រធានក្រុមប្រឹក្សាឃុំ ព្រៃល្វា លោកនាយក នាយិកាគ្រប់គ្រឹះស្ថានសិក្សាទូទាំងស្រុកព្រៃកប្បាស គណៈកម្មាធិការ ស.ស.យ.ក. ស្រុក យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាសរុប ២៦៥នាក់ ។
គណៈអធិបតីបានផ្តាំផ្ញើដល់ប្អូនៗយុវជនទាំងអស់ ត្រូវខិតខំថែរក្សានូវបរិយាកាសប្រកបដោយសុវត្ថិភាពដែលបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលសព្វថ្ងៃ ជៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន គោរពច្បាប់ចរាចរ ខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជា ទំពាំងស្នងឫស្សី និងជាយុវជនបន្តវេនប្រកបដោយថាមពល ដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសប្រកបដោយចេរភាព។
ជាចុងក្រោយគណៈអធិបតីបានចែកជូនប៊ិច ដល់ប្អូនៗសិស្សថ្នាក់ទី១២ ដែលត្រូវចូលរួមប្រឡងនៅថ្ងៃទី២០ សីហា ២០១៨ ក្នុងមួយនាក់ ចំនួន២ដើម សម្រាប់យកទៅប្រឡង និងប្អូនៗសិស្សថ្នាក់ទី១១ និងទី១០ ក្នុងមួយនាក់ ចំនួន១ដើម ឬសៀវភៅ១ក្បាល និងលោកគ្រូ អ្នកគ្រូដែលចូលរួមបានប៊ិចល្អ ចំនួន១ដើមដែលជាអំណោយរបស់ ក្រុមហ៊ុនធានារ៉ាប់រង Manulife ទុកជាអនុស្សាវរីយ៍ ៕
ថ្ងៃពុធ ០៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០១៨