ការប្រកួតបាល់ទាត់មិត្តភាពរវាងយុវជនក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកព្រៃកប្បាស ខេត្តតាកែវ

ការប្រកួតបាល់ទាត់មិត្តភាពរវាងយុវជនក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកព្រៃកប្បាស ខេត្តតាកែវ
នៅរសៀលថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ នៅទីលានបាល់ទាត់វិទ្យាល័យ ហេង សំរិនព្រៃល្វា មានរៀបចំកម្មវិធី ប្រកួតបាល់ពានរង្វាន់មិត្តភាពរវាងយុវជនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយក្រុមកីឡាករសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលស្ថិតក្រោមអធិបតីភាពឯកឧត្ដម ហុង ជឿន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំពោធិ៍រំចាក ស្រុកកប្បាស ។
ថ្លែងក្នុងកម្មវិធីបើកការប្រកួតឯកឧត្ដម ហុង ជឿន បានអបអរចំពោះប្អូនៗកីឡាករទាំងអស់ ដែលបានចាប់យកការលេងកីឡា ជំនួសដោយការដើរលេង ផឹកស៊ី ដែលកីឡានាំមកនូវសុខភាព ការលេងកីឡាធ្វើឲ្យជៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន។ បន្ថែមពីលើនោះ ឯកឧត្ដម ក៏បានកោតសសើរដល់សកម្មភាពរបស់យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកព្រៃកប្បាសកន្លងមក ដែលតែងតែចូលរួមគ្រប់សកម្មភាពសង្គម ដូចជាការសម្អាតបរិស្ថាន ការចុះជួយដល់គ្រួសារក្រីក្រ គ្រួសារជួបគ្រោះមហន្តរាយកន្លងមកនៅក្នុងស្រុកព្រៃកប្បាស ជាពិសេសការងារសង្កេតការណ៍ ការបោះឆ្នោតក្រុមប្រឹក្សាឃុំកន្លងមក ដេីម្បីធានាឲ្យការបោះឆ្នោតមួយមានភាពត្រឹមត្រូវ យុត្តិធម៌ តម្លាភាព ។
នៅពេលចប់ការប្រកួតឯកឧត្ដម បានប្រគល់ពាន និងថវិកាដល់ក្រុមកីឡាករមកពីក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលយកឈ្នះក្រុមកីឡាករ ស.ស.យ.ក. ស្រុកព្រៃកប្បាសដោយលទ្ធផល ៣−២ ដែលទទួលនូវពាន១ និងថវិកា 2,000,000រៀល និងប្រគល់ថវិកាដល់ក្រុមកីឡាករ ស.ស.យ.កស្រុកព្រៃកប្បាសនូវថវិកា1,500,000រៀល រួមជាមួយបាល់១០គ្រាប់ សំណាញ់បាល់២ សម្លៀកបំពាក់កីឡា ៣០កំប្លេ ។
ការចំណាយផ្សេងៗ និងថវិកាឧបត្ថម្ភ គឺបានមកពីការជួយឧបត្ថម្ភរបស់ ឯកឧត្ដម ពេជ សោភ័ន សហប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស ។