ក្រុមការងារកម្មវិធីភូមិខ្ញ៊ំ បានចូលរួមក្នុងពិធីពូនភ្នំខ្សាច់ និងលេីកទង់សាសនា ក្រោមអធិបតីភាព ឯកឧត្ដម ហ៊ុន ម៉ានី
ក្រុមការងារកម្មវិធីភូមិខ្ញ៊ំ បានចូលរួមក្នុងពិធីពូនភ្នំខ្សាច់ និងលេីកទង់សាសនា ក្រោមអធិបតីភាព ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្ដម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារកម្មវិធីភូមិខ្ញ៊ំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅក្នុងភូមិខ្ញ៊ំ មុខប្រាសាទបាយ័ន ។
ពិធីពូនភ្នំខ្សាច់នេះ ធ្វើឡើងក្នុងគោលបំណងផ្តាច់កម្ម ផ្តាច់ពៀរវេរាពីបច្ចុប្បន្នជាតិ និងអតីតជាតិដែលមនុស្សលោក បានសាងដូចជា បានសម្លាប់សត្វតូច សត្វធំ សត្វវា សត្វលូន សត្វជើងពីរ សត្វជើងបួន មនុស្ស ឬមានកាយវាចាចិត្តមិនល្អ ពីមុន ដោយចេតនាក្តី ដោយអចេតនាក្តី ឲ្យរួចផុតកម្មផុតពៀរទាំងពួងទៅជាអហោកម្ម។ ជាពិសេស នោះគឺការចេះសន្សំកុសលផលបុណ្យទុកសម្រាប់ អនាគតជាតិ។ ការធ្វេីពិធីពូនភ្នំខ្សាច់នេះទៀតសោត គឺធ្វើឡើងដើម្បី ជាភ្នំមួយតំណាងដល់ ព្រះចុល្លាមុន្នីចេតិយ ដែលដាក់តម្កល់ ព្រះចង្កូមកែវ ឬព្រះសរីរិកធាតុ របស់ព្រះពុទ្ធគ្រប់ព្រះអង្គ ដែលតម្កល់នៅ ឋានត្រៃត្រឹងសួគ៌ ស្ថានសួគ៌ ជាន់ទី២។