សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី ចូលរួមពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីរំលឹកគុណលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យ ហ៊ុន សែន ១ មិថុនា
សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី ចូលរួមពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីរំលឹកគុណលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យ ហ៊ុន សែន ១ មិថុនា
នារសៀលថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ នៅវិទ្យាល័យ ហ៊ុន សែន ១ មិថុនា ស្ថិតក្នុង ឃុំពារាម ស្រុកបាទី ខេត្តតាកែវ មានការរៀបចំពិធីអបអរសាទរ បុណ្យចូលឆ្នាំខ្មែរ និងពិធីរំលឹកគុណលោកគ្រូ អ្នកគ្រូ ជួបជុំជាមួយអតីតសិស្សជាច្រើននាក់ប្រកបដោយបរិយាកាសរីករាយក្រៃលែង។
ពិធីនេះ មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ជា វ៉ាន់ដេត អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ និងប្រធានក្រុមការងារចុះជួយស្រុកបាទី ឯកឧត្តម គឹម ម៉េង សហប្រធានក្រុមការងារចុះជួយឃុំពារាម អមដំណើរដោយ ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់កណ្តាល និងការចូលរួមពី លោក ភួន ឈីម អភិបាលស្រុកបាទី អភិបាលរង លោកលោកស្រី ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ លោកគ្រូអ្នកគ្រូ សរុប ១០៦ នាក់ គ្រូចូលនិវត្តន៍ចំនួន ២៦នាក់ អតីតគ្រូវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន បាទី ប្រមាណ ១៧នាក់ យុវជន ស.ស.យ.ក. សរុបទាំងអស់ ២៧៣នាក់។
ក្នុងឱកាសនោះ ឯកឧត្តមគណៈអធិបតី បានមានប្រសាសន៍សំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ គ្រូចូលនិវត្តន៍ អតីតសិស្សដែលបានចូលរួមក្នុងអង្គពិធី ស្តីពីការដឹងគុណ រំលឹកគុណ ទៅកាន់លោកគ្រូ អ្នកគ្រូ ដែលបានបង្ហាត់បង្រៀន និងផ្តល់នូវគំរូវីរភាពអំពីការរៀនសូត្រ និងសមត្ថភាពព្យាយាមធ្វើការបម្រើសង្គម បម្រើប្រទេសជាតិ រហូតទទួលសិស្សខ្លះបានតួនាទីខ្ពស់ៗក្នុងស្ថាប័នដឹកនាំ គ្រប់គ្រងរបស់រដ្ឋ ដែលជាមេរៀនដ៏សំខាន់សម្រាប់សិស្សជំនាន់ក្រោយត្រងត្រាប់ ដែលជាជ្រុងមួយធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនជាបន្តបន្ទាប់ឥតឈប់ឈរ ក្រោយការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយចុងក្រោយឯកឧត្តម ជា វ៉ាន់ដេត បានក្រើនរំលឹកទៅដល់ក្មួយៗជាសិស្សានុសិស្សឲ្យខិតខំសិក្សារៀនសូត្រ ក្លាយជាកូនល្អ សិស្សល្អ និងសិស្សពូកែ។
ជាកិច្ចបិទកម្មវិធីនេះដែរ ក៏មានការចែកជូនវត្ថុអនុស្សាវរីយ៍ និងថវិកាដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងមានការពិសារអាហារសាមគ្គីរួមគ្នា ដោយមានការប្រគុំតន្ត្រីពីវង់ភ្លេងសម័យផងដែរ៕