ស.ស.យ.ក. ខេត្តតាកែវ ចំនួន ៦០នាក់ ស្រី ២៣នាក់ បានចូលរួមដង្ហែបុណ្យវិសាខបូជានៅ វត្តសីហរតនារាម
ពិធីបុណ្យវិសាខបូជា ជាបុណ្យដ៏ធំមួយនៅក្នុងវិស័យ ព្រះពុទ្ធសាសនា ដែលពុទ្ឋសាសនិកជន ប្រារព្ឋធ្វើនៅ ថៃ្ង១៥កើត ខែពិសាខ ជារៀងរាល់ឆ្នាំ។
ថ្ងៃនេះជាថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំវក អដ្ឋស័ក ព.ស២៥៦០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ ស.ស.យ.ក. ខេត្តតាកែវ ចំនួន ៦០នាក់ ស្រី ២៣នាក់ បានចូលរួមដង្ហែបុណ្យវិសាខបូជានៅ វត្តសីហរតនារាម ស្ថិតនៅសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ វិសាខបូជា ដែលប្រារព្ធកាលសំខាន់របស់ព្រះសម្មាសម្ពុទ្ធចំនួន០៣ ដូចជា៖
១. កាលព្រះពោធិសត្វ ព្រះអង្គប្រសូត្រចាកព្រះឧទរ នៃព្រះមាតា ក្នុងឧទ្យានលុម្ពិនី ក្នុងថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំច ចន្លោះនគរពីរគឺ នគរកបិលភស្តុ និងនគរទេវហៈ។
២. កាលព្រះសម្មាសម្ពុទ្ធ ទ្រង់បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ ក្រោមម្លប់ពោធិព្រឹក្សលើរតនបល្ល័ង្គ ក្នុងថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរកា ក្នុងព្រះជន្ម ៣៥វស្សា។
៣. កាលព្រះសម្មាសម្ពុទ្ធ ទ្រង់យាងចូលព្រះបរិនិពា្វនក្នុង ចន្លោះដើមសាលព្រឹក្សទាំងគូ ក្នុងថ្ងៃអង្គារ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ បញ្ចស័ក ព្រះជន្ម ៨០វស្សាគត់ ជិតនគរកុសិនារា។