ទិវានៃក្តីស្រឡាញ់!
ថ្ងៃទី១៤ ខែកុម្ភៈ ជាទិវានៃក្តីស្រឡាញ់! ថ្ងៃនេះជាថ្ងៃដែលមនុស្សគ្រប់រូបបង្ហាញក្តីស្រលាញ់ចំពោះក្រុម គ្រួសារ ឪពុកម្តាយ មិត្តភក្តិ ឬមនុស្សដែលខ្លួនគោរពស្រលាញ់ មិនមែនជាថ្ងៃដែលយុវជនត្រូវប្រគល់ខ្លួនប្រាណដែលជាការប្រព្រឹត្តខុសគន្លងប្រពៃណីឡើយ។ ដើម្បីអបអរទិវានៃក្តីស្រលាញ់នេះ ស.ស.យ.ក. ខេត្តតាកែវ ដោយបានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលស្រុកទ្រាំង បានសាកសួរសុខទុក្ខ លោកតាភិរម្យ ប្រាជ្ញ ឈួន ជាវីរៈសិល្បករចាប៉ីដងវែង ដ៏ល្បីល្បាញមួយរូបរបស់កម្ពុជា មានទីលំនៅនៅភូមិស្រម៉រ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។ ក្នុងនាមជាយុវជនជំនាន់ក្រោយ យើងទាំងអស់គ្នាសូមធ្វើការគោរពដឹងគុណដ៏ស្មោះចំពោះលោកតា ដែលបានធ្វើឱ្យកិត្តិនាមរបស់ប្រទេសកម្ពុជាមានភាពល្បីល្បាញតាមរយៈសិល្បៈចាប៉ីដងវែង និងបានគោរពជូនពរលោកតាមានសុខភាពល្អ កម្លាំងមាំមួន ដើម្បីចែករំលែកនូវបទពិសោធន៍ និងបណ្តុះបណ្តាលដល់អ្នកបន្តវេនចាប៉ីដងវែងឱ្យស្ថិតស្ថេរគង់វង្ស និងមានកេរ្តិ៍ឈ្មោះល្បីល្បាញបន្ថែមទៀតលើឆាកអន្តរជាតិ។ នៅក្នុងឱកាសនោះ យើងបាននាំយកនូវអំណោយមួយចំនួនរួមមាន៖ ទឹកផ្លែឈើ=០១កេស, ទឹកសុទ្ធ=០១កេស, ទឹកដោះគោឆៅ=០១កេស និងថវិកាចំនួន=២០០.០០០៛ (ពីររយពាន់រៀល)។ លុះដល់ពេលរសៀលនាស្នាក់ការ ស.ស.យ.ក. ខេត្តតាកែវ បានរៀបចំកម្មវិធី ជួបជុំរួមគ្នា ជាមួយប្អូនៗដែលមកពីមជ្ឈមណ្ឌលកុមារកំព្រាខេត្តតាកែវ ដើម្បីផ្តល់នូវក្តីស្រលាញ់ ភាពកក់ក្តៅ ភាពជិតស្និទ្ធក្នុងនាមជាបងប្អូនគ្មានការរើសអើងនិងចង់បញ្ជាក់ថាប្អូនៗមានមនុស្សជាច្រើននៅចាំគាំទ្រ ផ្តល់កម្លាំងចិត្តទោះបីជាប្អូនៗជាកុមារកំព្រាក៏ដោយ។ កម្មវិធីនេះក៏មានការសម្តែងសិល្បៈកំប្លែងបែបអបរំ ព្រមទាំង ពិសាអាហារសាមគ្គីប្រកបដោយភាពស្និទ្ធស្នាលយ៉ាងក្រៃលែងជាទីបំផុត។