ពិធីបុណ្យភ្ជុំបិណ្ឌ
ពិធីបុណ្យភ្ជុំបិណ្ឌ
ជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យធំៗជាច្រើន នៅក្នុងពិធីបុណ្យប្រពៃណីជាតិខ្មែរ ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ខែភទ្របទ ដល់ថ្ងៃ១៤រោច ខែភទ្របទ គឺមានរយៈពេល១៤ថ្ងៃ (យើងតែងនិយមហៅថា ថ្ងៃបិណ្ឌ១ បិណ្ឌ២...បិណ្ឌ១៤) និងថ្ងៃទី១៥ ជាថ្ងៃចុងក្រោយគេហៅថា "ពិធីបុណ្យភ្ជុំបិណ្ឌ"។
ពាក្យថា "ភ្ជុំបិណ្ឌ" មានន័យថា ការប្រមូលដុំបាយ ឬការពូតដុំបាយដែលយើងតែងហៅថា "បាយបិណ្ឌ" ។ ចាប់តាំងពីថ្ងៃបិណ្ឌ១ ប្រជាជនខ្មែរមួយចំនួនភ្ញាក់តាំងពីព្រលឹម ឬ នាំគ្នាទទួលទានដំណេកនៅទីវត្តអារាមតែម្ដង ដើម្បីងាយស្រួលក្នុងការបោះបាយបិណ្ឌ ដោយធ្វើការដើរជុំវិញព្រះវិហារប្រទក្សិណ បោះពីទិសខាងជើងទៅទិសខាងត្បូង ព្រោះគេមានជំនឿថា វិញ្ញាណរបស់បងប្អូន ជីដូនជីតា ញាតិមិត្តដែលស្លាប់បាត់បង់ជីវិតទៅនោះ អាចធ្លាក់ខ្លួនទៅកើតជាប្រេត ហើយជារៀងរាល់១ឆ្នាំម្ដង ប្រេតទាំងនោះត្រូវបានគេដោះលែងឱ្យមកទទួលយកនូវអានិសង្ស ដែលបងប្អូនសាច់សាលោហិតឧទ្ទិសទៅឱ្យ ដោយប្រេតទាំងនោះអាចចេញមកទទួលបានតែនៅពេលងងឹត ឬគ្មានពន្លឺថ្ងៃតែប៉ុណ្ណោះ ។ ក្រៅពីការបោះបាយបិណ្ឌ ក៏នៅមានការធ្វើចង្ហាន់ប្រគេនព្រះសង្ឃ ចូលបច្ច័យបង្សុកូល ពូនភ្នំខ្សាច់ដើម្បីឧទ្ទិសមគ្គផលដល់បុព្វការីជនជាដើម។
តាមទំនៀមទម្លាប់របស់បងប្អូនពុទ្ធសាសនិកខ្មែរមានជំនឿថា ក្នុងរយៈពេល១៥ថ្ងៃ នៃពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌនេះ ប្រជាជនខ្មែរតែងតែឆ្លៀតពេលទៅវត្តយ៉ាងហោចណាស់ក៏បានទៅវត្តចំនួនម្ដងដែរ ទោះបីជាមានការមមាញឹកក្នុងការងារចិញ្ចឹមជីវិតយ៉ាងណាក៏ដោយ បើពុំនោះទេអ្នកទាំងនោះនឹងត្រូវបងប្អូន ជីដូន ជីតា ដែលបានស្លាប់ទៅជេរដាក់បណ្ដាសាឱ្យរងទុក្ខវទនា ក្រីក្រលំបាកព្រោះប្រេតទាំងនោះត្រូវដើររកកុសល ផលបុណ្យមានជាទាន ម្ហូបអាហារនៅតាមទីវត្តអារាមនានា បើមិនឃើញទេ នឹងខឹងសម្បាជាមិនខានឡើយ។ ហេតុដូចនេះហើយ ទើបនៅទីវត្តអារាមនានាទូទាំងប្រទេស នាពេលព្រលឹម គេឮសូរសំឡងខ្ញៀវខ្ញារ សំឡេងសូត្រធម៌របស់ព្រះសង្ឃ គួររីករាយក្នុងសន្ដានចិត្តជ្រះថ្លាគ្រប់ៗគ្នា។ ភ្ជាប់ជាមួយនឹងការធ្វើចង្ហាន់ មានបង្អែម ចម្អាប គេតែងនិយមវេចនំអន្សម នំគម ផងដែរ ព្រោះនំប្រភេទនេះអាចរក្សាទុកបានយូរទៅថ្ងៃមុខ(មតិខ្លះអះអាងថា ជាឥទ្ធិពលពីសាសនាព្រាហ្មណ៍ ព្រោះនំអន្សម នំគម តំណាងឱ្យលិង្គព្រះឥសូរនិងយោនីនាងឧមា ដែលជាគ្រឿងសក្ការៈសម្រាប់គោរពបូជាក្នុងសាសនាព្រាហ្មណ៍) ។
ជារៀងរាល់ឆ្នាំ ប្រជាជនខ្មែរគ្រប់រូប ដៃយួរចង្ហាន់ទៅកាន់ទីវត្តអារាមក្នុងទឹកមុខញញឹម និងមានសង្ឃឹមក្នុងចិត្តថា នឹងបានវេរប្រគេនចង្ហាន់ អុជធូប ឧទ្ទិសបន់ស្រន់រំលឹកគុណសូមឱ្យបងប្អូន ញាតិមិត្តទាំងអស់មកទទួលយកនូវកុសល ផលបុណ្យដែលខ្លួនបានធ្វើ កុំឱ្យឈរមើលគេ កុំឲ្យឱ្យដណ្ដើមម្ហូបចំណីរបស់គេ ហើយក៏សុំឱ្យជួយថែរក្សាកូនចៅដែលនៅរស់ប្រកបដោយសេចក្ដីសុខចម្រើនតរៀងទៅ៕