ក្រសួងអប់រំយុវជន និងកីឡា បាននឹងកំពុងធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ ដើម្បីផ្តល់យុត្តិធម៌ដល់សិស្សានុសិស្ស
ក្រសួងអប់រំយុវជន និងកីឡា បាននឹងកំពុងធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ ដើម្បីផ្តល់យុត្តិធម៌ដល់សិស្សានុសិស្ស ដោយបានរឹតបន្តឹងយ៉ាងតឹងរ៉ឹងក្នុងការប្រលងសញ្ញាបត្រនានា ជាពិសេសសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលតម្រូវឱ្យបេក្ខជនទាំងអស់ ត្រូវមានចំណេះដឹងយ៉ាងពិតប្រាកដ ដើម្បីសម្រេចបាននូវទិសស្លោករបស់ក្រសួងអប់រំ យុវជន និងកីឡា ពោលគឺ៖ "អ្នកចេះគឺជាប់" ។
ដើម្បីរួមចំណែកក្នុងការពង្រឹងសមត្ថភាពដល់សិស្សានុសិស្សក្នុងការប្រលង ស.ស.យ.ក ខេត្តតាកែវ បានបើកវគ្គបង្រៀនបំប៉នដោយមិនគិតថ្លៃ ចំនួន៣៩ថ្នាក់ នៅក្នុងវិទ្យាល័យទូទាំងខេត្ត ដោយធ្វើការបំប៉នទៅលើមុខវិជ្ជាចំនួន០៥រួមមាន៖ ភាសាខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា ដែលមានគ្រូបង្រៀនស្ម័គ្រចិត្តសរុបចំនួន ១៦២នាក់ (ស្រី ០៩នាក់) បំប៉នដល់សិស្សចំនួន ២.៨៣៣នាក់ (ស្រី ១.៣៨៤នាក់)។
ដោយឡែក នៅថ្ងៃទី១៥-១៦ ខែសីហា ឆ្នាំ២០១៥ ថ្នាក់ដឹកនាំ ស.ស.យ.ក ខេត្តតាកែវ រួមមានលោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក ខេត្តតាកែវ លោក គិត ច័ន្ទគ្រឹស្នា អនុប្រធាន និងលោក ហេង សុគន្ធ លេខាធិការ បានឆ្លៀតពេលវេលាដ៏មមាញឹកពីការងារ ចុះសំណេះសំណាល និងផ្តល់ថវិកាឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូបង្រៀនស្ម័គ្រចិត្ត ជាពិសេសផ្តល់កម្លាំងចិត្ត និងជូនពរដល់បេក្ខជនដែលត្រៀមប្រលង ឱ្យទទួលបានលទ្ធផលល្អជាទីគាប់ចិត្ត។