ស.ស.យ.ក ស្រុកបាទី ខេត្តតាកែវ ចំនួន៥៣នាក់ បានចូលរួមសម្របសម្រួលដល់ការចែកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់

ស.ស.យ.ក ស្រុកបាទី ខេត្តតាកែវ ចំនួន៥៣នាក់ បានចូលរួមសម្របសម្រួលដល់ការចែកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ ចំនួន ២៩៥គ្រួសារ។ ក្នុងនោះផ្ទះប្រជាពលរដ្ឋដែលរលំទាំងស្រុងមានចំនួន៤០ខ្នង របួសប្រជាពលរដ្ឋចំនួន ០៧នាក់ នៅឃុំចំនួន០៨ ក្នុងស្រុកបាទី។ ពិធីចែកអំណោយនេះ បានប្រារព្ធឡើងនៅវត្តកកោះ ចែកជូនដល់ប្រជាពលរដ្ឋចំនួន ៧៥គ្រួសារ និងនៅវត្តឃ្លាំងមឿង ចែកជូនដល់ប្រជាពលរដ្ឋចំនួន ២២០គ្រួសារ ដោយស្ថិតក្រោមអធិបតីភាពឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយលោកស្រី នូ សុវណ្ណនី អភិបាលរងខេត្ត និងជាប្រធានសាខាកាកបាទក្រហមខេត្ត ព្រមទាំងសមាជិកសមាជិកាសាខាកាកបាទក្រហម មន្ត្រីរាជការ និងយុវជនកាកបាទក្រហម។ សូមបញ្ជាក់ផងដែរថា អំណោយដែលចែកជូនប្រជាពលរដ្ឋរួមមាន មុង១ ភួយ១ តង់១ កន្ទេល១ ក្រមា១ សារុង១ និងអង្ករ ២៥គ.ក្រ។ អំណោយទាំងនេះជាអំណោយបន្ទាន់សម្រាប់ប្រជាពលរដ្ឋដោះស្រាយបញ្ហាបណ្តោះអាសន្ន ហើយចំពោះផ្ទះរបស់ប្រជាពលរដ្ឋដែលខូចខាត សាខាកាកបាទក្រហមខេត្ត នឹងជួយជួសជុល ចំណែកឯផ្ទះដែលរលំទាំងស្រុង នឹងសាងសង់ឡើងវិញជូនបងប្អូនប្រជាពលរដ្ឋផងដែរ។