អំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បាននាំយកចែកជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៣៥គ្រួសារ នៅភូមិបាំងបាត់
សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រៃកប្បាស ខេត្តតាកែវ បាននាំយកអំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក.ខេត្តតាកែវ តាមរយៈការឧបត្ថម្ភពី លោក ឡោ ជំនិត អាជីវករនៅខេត្តតាកែវ និង លោក ផូកែវ រស្មី ប្រធានការិយាល័យគណនេយ្យនៃមន្ទីរអប់រំយុវជន និងកីឡា ខេត្តតាកែវ ចែកជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៣៥គ្រួសារ នៅភូមិបាំងបាត់ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលជាតំបន់បិទខ្ទប់ដោយសារ មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីទប់ស្កាត់ការបន្តឆ្លងរីករាលដាលនៃជំងឺជាសកលនេះ។ ក្រុមគ្រួសារនីមួយៗទទួលបាន៖ អង្ករ ២០គីឡូ, មី ០១កេស, ត្រីខកំប៉ុង ០១យួរ, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, ម៉ាស់ ០១ប្រអប់ និងសាប៊ូ ០២ដុំផងដែរ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ញ៉ែម ស្រស់ អភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស លោកអភិបាលរងស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកអធិការនគរបាលស្រុក និងលោកមេឃុំចារ។ លោកអភិបាលនៃគណៈអភិបាលស្រុក ក៏បានសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងបានផ្តាំផ្ញើឱ្យបងប្អូនបន្តរស់នៅក្នុងគន្លងថ្មី អនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ ៣កុំ ព្រមទាំងវិធានការនានារបស់អាជ្ញាធរ និងក្រសួងសុខាភិបាល ដើម្បីឈ្នះជំងឺកូវីដ-១៩។ ថ្ងៃចន្ទ ៦កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១