អំណោយដ៏ថ្លៃថ្លារបស់ លោក ឡោ ជំនិត និង លោក គិត ច័ន្ទគ្រឹស្នា បានឧបត្ថម្ភគ្រែសម្រាប់អ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាល ចំនួន៥០ ប្រគល់ជូនដល់ការិយាល័យសុខាភិបាលប្រតិបត្តិស្រុកព្រៃកប្បាស
អំណោយដ៏ថ្លៃថ្លារបស់ លោក ឡោ ជំនិត និង លោក គិត ច័ន្ទគ្រឹស្នា តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក-តាកែវ) ដែលមាន គ្រែចំនួន៥០ សម្រាប់អ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាល ត្រូវបាននាំមកប្រគល់ជូនដល់ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រៃកប្បាស ខេត្តតាកែវ ដើម្បីប្រើប្រាស់តាមតម្រូវការជាក់ស្ដែង នៅទីតាំងផ្ដល់សេវាសុខាភិបាលនេះ ជាពិសេសចូលរួមចំណែកក្នុងការសម្រួលដល់ដំណើរការនៃការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋាន។ ក្នុងឱកាសនៃការនាំយកអំណោយមនុស្សធម៌ ដែលដឹកនាំដោយ លោក គិត ច័ន្ទគ្រឹស្នា និងសហការី ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងចូលរួមប្រកបដោយវិជ្ជាជីវៈក្នុងការព្យាបាលអ្នកជំងឺទូទៅ ជាពិសេសអ្នកជំងឺកូវីដ-១៩ ព្រមទាំងបានលើកទឹកចិត្តបន្ថែមទៀត ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រកបដោយភាពជោគជ័យ និងផ្ដល់បាននូវសុខុមាលភាពជូនប្រជាជនទាំងអស់។ ថ្ងៃពុធ ១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១