យុទ្ធនាការ “ភ្នំពេញស្អាត” លើកទី៤ បានចាប់ផ្តើមដំណើរការជាផ្លូវការរបស់ខ្លួនក្រោមប្រធានបទ “ស្អាតជាទម្លាប់ថ្មី”
យុទ្ធនាការ “ភ្នំពេញស្អាត” លើកទី៤ បានចាប់ផ្តើមដំណើរការជាផ្លូវការរបស់ខ្លួនក្រោមប្រធានបទ “ស្អាតជាទម្លាប់ថ្មី” កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះហើយ។ ពិធីបើកយុទ្ធនាការស្អាតឆ្នាំ២០២០ ត្រូវបានប្រារព្ធឡើងកាលពីព្រឹកថ្ងៃពុធនេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាសហស្ថាបនិកគម្រោងភ្នំពេញស្អាត តំណាងក្រសួងបរិស្ថាន តំណាងសាលារាជធានីភ្នំពេញ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូសហការ គ្រឹះស្ថានឧត្តមសិក្សា មធ្យមសិក្សា និងបណ្តាសិល្បករ ក៏ដូចជា social influencer ជាច្រើននាក់ផងដែរ។ នេះជាលើកទី៤ហើយ ដែលយុទ្ធនាការភ្នំពេញស្អាតបានចេញអនុវត្តសកម្មភាពរបស់ខ្លួន។ យុទ្ធនាការនេះមានគោលបំណងសំខាន់ក្នុងការអប់រំប្រជាពលរដ្ឋបានស្វែងយល់ពីការរក្សារអនាម័យ បរិស្ថានល្អផ្តើមចេញពីការទុកដាក់សំរាម និងការកាត់បន្ថយសម្រាម។ ដោយឡែក ក្នុងបរិបទថ្មីនៃការរីករាលដាលនៃជំងឺកូវីដ-១៩ យុទ្ធនាការស្អាតបានបង្កើតនូវទិសស្លោក "ស្អាតជាទម្លាប់ថ្មី" ដែលឆ្លើយតបនឹងបរិបទការរស់នៅបែបគន្លងថ្មីផងដែរ។