យុវជនចូលរួមសិក្សាស្វែងយល់អំពីទីតាំងប្រវត្តិសាស្រ្តក្នុងស្រុកអង្គរបូរីក្រោមប្រធានបទ « យុវជននិងវប្បធម៌ » ដែលរៀបចំដោយ គណៈកម្មាធិការ ស.ស.យ.ក. ស្រុកអង្គរបូរី
ទីតាំងប្រវត្តិសាស្រ្តក្នុងស្រុកអង្គរបូរី ត្រូវបានយុវជនចូលរួមសិក្សាស្វែងយល់តាមរយៈទស្សនកិច្ចក្រោមប្រធានបទ « យុវជននិងវប្បធម៌ » ដែលរៀបចំដោយ គណៈកម្មាធិការ ស.ស.យ.ក. ស្រុកអង្គរបូរី។ ដោយមានការគាំទ្រពីគណៈកម្មាធិការ ស.ស.យ.ក. ខេត្តតាកែវ និង អាជ្ញាធរមូលដ្ឋានស្រុកអង្គរបូរី ស.ស.យ.ក. ស្រុកអង្គរបូរី បានរៀបចំទស្សនកិច្ចសិក្សាដើម្បីស្វែងយល់នូវប្រវត្តិសាស្រ្តនានានៅលើទឹកដីដ៏ចំណាស់នៃព្រះរាជាណាចក្រកម្ពុជាក្នុងស្រុកអង្គរបូរី ខេត្តតាកែវ ក្រោមប្រធានបទ « យុវជននិងវប្បធម៌ »។ ក្នុងដំណើរទស្សនកិច្ចនេះយុវជនបានស្ដាប់បទបង្ហាញពីថ្នាក់ដឹកនាំស្រុក និងមន្រ្តីជំនាញនៃសារមន្ទីរអង្គរបូរី ព្រមទាំងបានទៅទស្សនាផ្ទាល់ដល់ទីតាំងប្រវត្តិសាស្រ្តសំខាន់ៗជាច្រើនរួមមាន រមណីយដ្ឋានភ្នំបូរី (ស្ថិតក្នុងឃុំព្រែកផ្ទោល) រមណីយដ្ឋានភ្នំដា (ស្ថិតក្នុងឃុំគោកធ្លក) កំពែងទីក្រុង សម័យហ្វូណន (ស្ថិតក្នុងឃុំព្រែកផ្ទោល) ស្ថានីយ៍បុរេប្រវត្តិសាស្រ្ត វត្តគំនូរ (ស្ថិតក្នុងឃុំព្រែកផ្ទោល) និងសារមន្ទីរអង្គរបុរី (ស្ថិតក្នុងឃុំអង្គរបូរី)។ យុវជននិងវប្បធម៌ មានគោលបំណងផ្សារភ្ជាប់យុវជនទៅកាន់ការសិក្សាស្វែងយល់ពីវប្បធម៌ ប្រពៃណី ប្រវត្តិសាស្រ្ត ដ៏ល្អផូរផង់និងសម្បូរបែបរបស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ ដើម្បីបន្តផ្នត់គំនិតស្រលាញ់ ថែរក្សា ការពារ និងចូលរួមផ្សព្វផ្សាយទៅកាន់ថ្នាក់ជាតិ តំបន់ និងពិភពលោកឱ្យបានកាន់តែទូលំទូលាយ។ តាមរយៈកម្មវិធីនេះយុវជនដែលបានចូលរួមទាំងអស់ក៏បានស្គាល់និងស្វែងយល់ពីការរស់នៅ ការប្រកបរបរ ការធ្វើពាណិជ្ជកម្ម ជំនឿ សាសនា ការគ្រប់គ្រងនានា សំណង់ស្ថាបត្យកម្មប្រវត្តិសាស្រ្ត ពីសម័យដើម ដែលជាបេតិកភណ្ឌវប្បធម៌ និងមានតម្លៃសម្រាប់មនុស្សជាតិមិនអាចកាត់ថ្លៃបាន ព្រមទាំងបានបង្កើតនិងពង្រឹងចំណងមិត្តភាពរវាងគ្នានឹងគ្នា រួបរួមគ្នាជាធ្លុងមួយដើម្បីបន្តរក្សាការពារសន្តិភាពនិងដើម្បីបុព្វហេតុជាតិមាតុភូមិ។ ថ្ងៃអាទិត្យ ១រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០