បេសកកម្មក្នុងខេត្តតាកែវ បានបញ្ចប់ទៅដោយរលូន សុខសុវត្ថិភាព និងមានការគាំទ្រខ្ពស់ពីអាជ្ញាធរខេត្ត ក្រុង ស្រុក យុវជន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ក្រុមការងារ ស.ស.យ.ក. ស្រុកទ្រាំង នាល្ងាចថ្ងៃនេះបានជូនដំណើរ ក្រុមការងារកម្មវិធី « រត់ដើម្បីសប្បុរសធម៌ជាមួយសាយ »

បេសកកម្មក្នុងខេត្តតាកែវ បានបញ្ចប់ទៅដោយរលូន សុខសុវត្ថិភាព និងមានការគាំទ្រខ្ពស់ពីអាជ្ញាធរខេត្ត ក្រុង ស្រុក យុវជន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ក្រុមការងារ ស.ស.យ.ក. ស្រុកទ្រាំង នាល្ងាចថ្ងៃនេះបានជូនដំណើរ ក្រុមការងារកម្មវិធី « រត់ដើម្បីសប្បុរសធម៌ជាមួយសាយ » ឆ្ពោះទៅកាន់ស្រុកអង្គរជ័យ នៃខេត្តកំពត។ ដោយមានកិច្ចសហការនិងគាំទ្រខ្ពស់ពីអាជ្ញាធរស្រុក កងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ក្នុងស្រុកទ្រាំង ទាំងអស់ ក្រុមការងារ ស.ស.យ.ក. ស្រុកទ្រាំង បានចូលរួមសម្របសម្រួលកម្មវិធី « រត់ដើម្បីសប្បុរសធម៌ជាមួយសាយ » ប្រព្រឹត្តទៅប្រកបដោយសុខសុវត្ថិភាព។
កម្មវិធី « រត់ដើម្បីសប្បុរសធម៌ជាមួយសាយ » មានគោលបំណងដើម្បីធ្វើការរៃអង្គាសថវិកាជួយ « មន្ទីរពេទ្យកុមារអង្គរ » ខេត្តសៀមរាប ក្នុងការទ្រទ្រង់ប្រតិបត្តិការជួយកុមារកម្ពុជា និងមានទិសដៅលើកស្ទួយការគោរពច្បាប់ចរាចរណ៍នៅតាមដងផ្លូវ ការគ្រប់គ្រងកាកសំណល់ផ្ទាល់ខ្លួន និងលើកកម្ពស់ការចូលរួមការងារសង្គមក្នុងនាមជាកោសិកាសង្គម ក៏ដូចជាក្នុងនាមជាប្រជាជនកម្ពុជា ដើម្បីកម្ពុជា និងការបង្កើនការប្រុងប្រយ័ត្នខ្ពស់ពីជំងឺរាតត្បាតសកល កូវីដ-១៩។
ស.ស.យ.ក. ខេត្តតាកែវ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងមានសមត្ថកិច្ច ក្រុមការងារ ស.ស.យ.ក-តាកែវ គ្រប់ក្រុង ស្រុក  យុវជនគ្រប់ទិសទី ដែលបានស្វាគមន៍ និងផ្ដល់ភាពកក់ក្ដៅដល់ក្រុមការងារ « រត់ដើម្បីសប្បុរសធម៌ជាមួយសាយ »។ ជាមួយគ្នានេះក៏សូមជូនពរដល់កម្មវិធីនេះទទួលបានផ្លែផ្កា និងជោគជ័យយ៉ាងត្រចះត្រចង់ ដើម្បីរួមចំណែកជួយដល់កុមារកម្ពុជាទាំងអស់ផងដែរ។
ថ្ងៃអាទិត្យ ៩រោច ខែអស្សុជ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០