ឯកឧត្ដម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលនិងប្រគល់សម្ភារប្រើប្រាស់សម្រាប់ការពារជំងឺកូវីដ-១៩
ឯកឧត្ដម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលនិងប្រគល់សម្ភារប្រើប្រាស់សម្រាប់ការពារជំងឺកូវីដ-១៩ ដល់សាលាមធ្យមសិក្សាទូទាំងស្រុកទ្រាំង និងចែកអំណោយជូនមណ្ឌលកុមារកំព្រាក្នុងស្រុកទ្រាំង ខេត្តតាកែវ។ ដើម្បីជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ព្រមទាំងរួមចំណែកក្នុងការបើកដំណើរការរៀននិងបង្រៀនឡើងវិញនៅតាមគ្រឹះស្ថានក្នុងមូលដ្ឋាន ដោយគ្មានជំងឺកូវីដ-១៩ នៅសាលប្រជុំសាលាស្រុកទ្រាំង មានរៀបចំពិធីសំណេះសំណាលនិងប្រគល់សម្ភារប្រើប្រាស់សម្រាប់ការពារជំងឺកូវីដ-១៩ ដល់សាលាមធ្យមសិក្សាទូទាំងស្រុកទ្រាំង និងចែកអំណោយជូនមណ្ឌលកុមារកំព្រាក្នុងស្រុកទ្រាំង ខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង និងមានការចូលរួមពី ឯកឧត្ដម លោកជំទាវ ប្រតិភូអមដំណើរ ថ្នាក់ដឹកនាំ មន្រ្តីរាជការជុំវិញស្រុក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង តំណាងសាលាមធ្យមសិក្សាទូទាំងស្រុកទ្រាំង បុគ្គលិក និងប្អូនៗកុមារកំព្រាក្នុងស្រុកទ្រាំង សមាជិក សមាជិកា ស.ស.យ.ក. វិស័យសុខាភិបាល និងសប្បុរសជន សរុបប្រមាណជាង២០០នាក់។
ពិធីនេះក៏មានរៀបចំជាបទបង្ហាញដោយ ក្រុមការងារ ស.ស.យ.ក. វិស័យសុខាភិបាល ស្ដីពីវិធានការអនាម័យ ការរស់នៅស្អាត និងការថែរក្សាសុខភាព ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ព្រមទាំងគ្រោះថ្នាក់និងការការពារការឆ្លងនៃជំងឺគ្រុនឈាម គ្រុនឈីក និងជំងឺឆ្លងដទៃទៀតផងដែរ។
ក្នុងពិធីសំណេះសំណាលខាងលើ ឯកឧត្ដម សុខ ពុទ្ធិវុធ ក៏បានថ្លែងអំណរព្រះគុណ និងអរគុណ ដល់សប្បុរសជន ជាអាជីវករ ពាណិជ្ជករ ព្រះសង្ឃ គ្រូបង្រៀន សិស្ស និស្សិត មន្រ្តីរាជការ និងប្រជាពលរដ្ឋដែលបានចំណាយថវិកា សម្ភារ សម្រាប់ឧបត្ថម្ភគាំទ្រដល់យុទ្ធនាការសប្បុរសធម៌ដ៏មានអត្ថន័យដើម្បីចូលរួមការពារ និងថែរក្សាសុខភាពកូន ក្មួយ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ព្រមទាំងប្អូនៗកុមារកំព្រា និងមិនឱ្យមានការឆ្លងរីករាលដាលនៃជំងឺនានាជាពិសេសជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍បានឡើយ។ ជាមួយគ្នានេះ ឯកឧត្ដម ក៏បានផ្ដាំផ្ញើដល់ប្អូនៗ ក្មួយៗ ជាសិស្សានុសិស្ស និងកុមារកំព្រាទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រទាំងនៅក្នុងសាលានិងតាមប្រព័ន្ធឌីជីថលនានា ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងឱ្យបានកាន់តែខ្ពស់បន្ថែមទៀត។ ក្រោយបញ្ចប់កម្មវិធីខាងលើ ឯកឧត្ដមគណៈអធិបតី សប្បុរសជន និងក្រុមការងារក៏បានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពិនិត្យស្ថានភាពអគារសិក្សា និងការសិក្សាកំឡុងពេលនៃជំងឺកូវីដ-១៩ នៅសាលាបឋមសិក្សា ជួស ដែលស្ថិតក្នុងឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ផងដែរ។
ថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០