ផ្នែកមួយបន្ថែមទៀតនៃការចូលរួមផ្សព្វផ្សាយវិធានការរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសទប់ស្កាត់នូវរលកទី២ និងបញ្រ្ជាបជូនបងប្អូនដែលធ្វើដំណើរកម្សាន្តក្នុងឱកាសនៃការសងថ្ងៃឈប់សម្រាកខាងមុខនេះ

ផ្នែកមួយបន្ថែមទៀតនៃការចូលរួមផ្សព្វផ្សាយវិធានការរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសទប់ស្កាត់នូវរលកទី២ និងបញ្រ្ជាបជូនបងប្អូនដែលធ្វើដំណើរកម្សាន្តក្នុងឱកាសនៃការសងថ្ងៃឈប់សម្រាកខាងមុខនេះ។
ក្រុមការងារ ស.ស.យ.ក. ស្រុកបាទី បានបន្តចងបដាផ្សព្វផ្សាយស្ដីពីការលាងសម្អាតដៃ រក្សាអនាម័យស្អាត ពាក់ម៉ាសឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង។ រមណីយដ្ឋានទេសចរណ៍សួនសត្វភ្នំតាម៉ៅ ជាទីកន្លែងទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយក្នុងចំណោមកន្លែងជាច្រើនទៀតនៅក្នុងខេត្តតាកែវ។ នាឱកាសនៃការសងថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ភ្នំតាម៉ៅ នឹងក្លាយជាគោលដៅមួយដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនាកម្សាន្ត។ ឆ្លៀតក្នុងឱកាសនេះដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលដល់សហគមន៍របស់យើង ជាពិសេសរលកទី២ នៃជំងឺកូវីដ-១៩ ស.ស.យ.ក. ខេត្តតាកែវ និយាយជារួម និយាយដោយឡែក ស.ស.យ.ក. ស្រុកបាទី នាថ្ងៃនេះ បានចុះចងបដាផ្សព្វផ្សាយស្ដីពីវិធាននានាក្នុងការចូលរួមថែរក្សាអនាម័យ ការលាងសម្អាតដៃឱ្យបានត្រឹមត្រូវ ការពាក់ម៉ាស ត្រឹមត្រូវ នៅតាមច្រកចូលសំខាន់ៗក្នុងរមណីយដ្ឋាននេះផងដែរ ដើម្បីជាការជូនដំណឹងបន្ថែម និងជម្រាបជូនដល់បងប្អូនដែលអញ្ជើញមកទស្សនាកម្សាន្តបានចូលរួមប្រុងប្រយ័ត្នទាំងអស់គ្នា ក្នុងឱកាសនៃការកម្សាន្តជាមួយនឹងរបៀបនៃការរស់នៅក្នុងបរិបទថ្មី។
ថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០