វគ្គបណ្តុះបណ្តាលស្តីពី « នីតិវិធីស្តង់ដារនៃការបង្ការនិងការត្រួតពិនិត្យជំងឺកូវីដ-១៩ នៅតាមសហគមន៍ »
វគ្គបណ្តុះបណ្តាលស្តីពី « នីតិវិធីស្តង់ដារនៃការបង្ការនិងការត្រួតពិនិត្យជំងឺកូវីដ-១៩ នៅតាមសហគមន៍ »
ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ជាពិសេសចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៅតាមសហគមន៍ក្នុងឱកាសនៃការសងថ្ងៃ ឈប់សម្រាកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ក៏ដូចជាទប់ស្កាត់នូវរលកទី២ នៃជំងឺនេះ ស.ស.យ.ក-តាកែវ សហការជាមួយមន្ទីរសុខាភិបាលខេត្តតាកែវ រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី « នីតិវិធីស្តង់ដារនៃការបង្ការនិងការត្រួតពិនិត្យជំងឺកូវីដ-១៩ នៅតាមសហគមន៍ » ដល់ជនបង្គោល ស.ស.យ.ក-តាកែវ អញ្ជើញមកពី ក្រុង ស្រុក ទាំង១០ ទូទាំងខេត្ត និងបុគ្គលិកសុខាភិបាលមូលដ្ឋាននៅក្នុងខេត្តតាកែវ។
ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះស្ថិតក្រោមអធិបតីភាព លោកឱសថការីឧត្ដម ផាន់ វ៉ាន់ អនុប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ លោកវេជ្ជបណ្ឌិត ឈូវ ឈួន ប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវ លោក ចាន់ ចនផានិត ប្រធានលេខាធិការដ្ឋាន ស.ស.យ.ក-តាកែវ តំណាងដ៏ខ្ពង់ខ្ពស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពដល់បុគ្គលិកសុខាភិបាលនៅតាមមូលដ្ឋាន និងបញ្រ្ជាបការយល់ដឹងបន្ថែមដល់ជនបង្គោល ស.ស.យ.ក-តាកែវ ដើម្បីអាចផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សហគមន៍ ក្នុងក្រុង ស្រុកទាំង១០ ទូទាំងខេត្តតាកែវ ស្ដីពីវិធានការនានាក្នុងការទប់ស្កាត់ ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ការរក្សាអនាម័យរស់នៅស្អាត បរិភោគស្អាត និងជាពិសេសចែករំលែកនូវចំណេះដឹងថ្មីៗពាក់ព័ន្ធនឹងជំងឺគ្រុនឈីក ដែលកំពុងជះឥទ្ធិពលនៅតាមបណ្ដាខេត្តមួយចំនួនផងដែរ។
ថ្ងៃចន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០