សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ ឧបាសក អ៊ុំ ស៊ីប៉ន អតីតនាយកវិទ្យាល័យ សុខាផល្លី ដែលត្រូវជាឪពុកបង្កើតរបស់ លោក អ៊ុំ ចំរើន ប្រធាន ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ ឧបាសក អ៊ុំ ស៊ីប៉ន អតីតនាយកវិទ្យាល័យ សុខាផល្លី ដែលត្រូវជាឪពុកបង្កើតរបស់ លោក អ៊ុំ ចំរើន ប្រធាន ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ។ មរណភាពរបស់ ឧបាសក អ៊ុំ ស៊ីប៉ន គឺជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ចំពោះគ្រួសារ ហើយក៏ជាការបាត់បង់ធនធានមនុស្សមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត កម្លាំងប្រាជ្ញាស្មារតី ក្នុងការដឹកនាំអង្គភាពប្រកបដោយវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុតចំពោះមន្រ្តីក្រោមឱវាទ សិស្សានុសិស្ស សហគមន៍និងសង្គមជាតិ។
យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តេជះបារមីទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឧបាសក អ៊ុំ ស៊ីប៉ន សូមបានចាប់បដិសន្ធិ និងបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
រសៀលថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោក ជួន វាសនា អនុប្រធាន ស.ស.យ.ក. ស្រុកទ្រាំង លោក លោកស្រី អនុប្រធាន និងសមាជិកស.ស.យ.ក.ស្រុក បានចូលរួមក្នុងពិធីបុណ្យសពលោកឪពុករបស់ លោក អ៊ុំ ចំរើន ប្រធាន ស.ស.យ.ក.ស្រុក នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺព្រមទាំងបាននាំយកបច្ច័យចូលរួមរំលែកទុក្ខមួយចំនួនផងដែរ។