អបអរសាទរព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័ល
អបអរសាទរព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័ល
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវមានកិត្តិយសដ៏ខ្ពង់ខ្ពស់ បានចូលរួមក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លដែលប្រារព្ធធ្វេីឡេីងនៅទីព្រះស្រែ ស្ថិតក្នុងបរិវេណទីលានកីឡដ្ឋានក្លិបបាល់ទាត់គិរីវង់ សុខ សែនជ័យ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លេីត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងបានតាំងបង្ហាញនូវសមិទ្ធផល និងសកម្មភាពនានាកន្លងមករបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវថ្វាយព្រះអង្គទត។
ព្រះរាជពិធីច្រេត់ព្រះនង្គ័ល ធ្វើឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ម្យ៉ាងទៀតក៏ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាជនខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ។
ចំណែកឆ្នាំនេះ ព្រះរាជពិធីបុណ្យទ្វារទសមាស ច្រត់ព្រះនង្គ័ល ប្រារព្ធធ្វើនៅទីព្រះស្រែ ស្ថិតនៅភូមិត្រពាំងអង្គ សង្កាត់រការក្រៅ ក្រុងដូនកែវ នៅថ្ងៃពុធ ៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។