បើទោះបីប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍ខ្លួនយ៉ាងខ្លាំងលេីគ្រប់វិស័យក៏ដោយ ក៏វិស័យកសិកម្មនៅតែជាវិស័យអាទិភាពក្នុងការចូលរួមចំណែកជំរុញនូវកំណើនសេដ្ឋកិច្ចកម្ពុជាគួរឲ្យកត់សម្គាល់
បើទោះបីប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍ខ្លួនយ៉ាងខ្លាំងលេីគ្រប់វិស័យក៏ដោយ ក៏វិស័យកសិកម្មនៅតែជាវិស័យអាទិភាពក្នុងការចូលរួមចំណែកជំរុញនូវកំណើនសេដ្ឋកិច្ចកម្ពុជាគួរឲ្យកត់សម្គាល់។ នេះជាហេតុធ្វេីអោយកម្ពុជា នៅបន្តអនុវត្តទំនៀមទំលាប់នៃការប្រារព្ធឡើងនូវព្រះរាជពិធីច្រត់ព្រះនង្គ័ល ជារៀងរាល់ឆ្នាំ ក្នុងគោលបំណង៖ (១)ប្រកាសដល់បណ្តាប្រជាកសិករខ្មែរទាំងអស់ ឲ្យត្រៀមខ្លួនក្នុងការធ្វើស្រែរដូវវស្សា និងការដាំដុះដំណាំកសិផលផ្សេងៗ និង(២)ផ្សងមើលប្រផ្នូលរបស់ស្រុកទេស តាមការបរិភោគរបស់ "គោឧសភរាជ"។
សម្រាប់ឆ្នាំនេះ ព្រះរាជពិធីច្រត់ព្រះនង្គ័លនឹងប្រារព្ធធ្វើឡើងក្នុងក្រុងដូនកែវ ខេត្តតាកែវ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ការប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លទៅតាមបណ្តាខេត្តនានា បានជួយផ្សព្វផ្សាយពីអត្ថន័យ និងក្បួនខ្នាត នៃការរៀបចំ ឲ្យកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនខ្មែរ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ ហើយបន្តចូលរួមថែរក្សាទំនៀមទម្លាប់ប្រពៃណីមួយនេះ ឲ្យបានគង់វង្សសម្រាប់កូនខ្មែរជំនាន់ក្រោយ។
ឆ្លៀតក្នុងឱកាសនេះ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា សូមជូនពរដល់ ពុកម៉ែ បងប្អូន ប្រជាកសិករ ដែលប្រកបរបរ កសិកម្ម និងកសិឧស្សាហកម្មក្នុងឆ្នាំនេះ សូមទទួលបាននូវទិន្នផលខ្ពស់គ្រប់ៗគ្នា។